Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ រួមគ្នាពង្រីក បេសកកម្មសំអាត ទន្លេ ទៅកាន់ ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup “ROC”)បានពង្រីកបេសកកម្ម សំអាតទន្លេកម្ពុជា រយៈពេល ៥ ឆ្នាំ ជាផ្លូវការទៅកាន់ ខេត្ត ពោធិ៍សាត់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាបំពុលប្លាស្ទិក និងការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប ។
គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោនត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០តោនដែលប្រមូលបានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អង្គការសំអាតទន្លេ សមុទ្រ បានឱ្យដឹងថាបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ (ROC)បានប្រមូលចេញពីទន្លេរហូតមកដល់ពេលបច្ចុប្បន្នជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ នៃបេសកកម្មរួមគ្នា។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា “បេសកកម្មនេះ ស្របតាមយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាព ហើយរួមចំណែកដល់ យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។
ដោយឡែកឯកឧត្តម អេង សូភាណា អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា“បើមានសំរាមគឺ អត់អភិបាលស្រុក បើមានអភិបាលស្រុកគឺ អត់សំរាម” មានសំរាមគឺអត់មេឃុំ មានមេឃុំគឺអត់សំរាម” ។
លោក Ronnie Koo នាយកប្រតិបត្តិនៃក្រុមហ៊ុន Leader Energy បានឱ្យដឹងជុំវិញបញ្ហានេះថា “កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ Leader Energy ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព លើសពីអាជីវកម្មស្នូលរបស់យើង។ ខណៈពេលដែលយើងធ្វើការដើម្បីផ្តល់ថាមពលស្អាត និងអាចទុកចិត្តបាន យើងក៏ទទួលស្គាល់ការទទួលខុសត្រូវក្នុងការអភិរក្សប្រព័ន្ធអេកូធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ គំនិតផ្តួចផ្តើមបែបនេះគឺជាផ្នែកមួយនៃដំណើរក្រុមហ៊ុនរបស់យើងឆ្ពោះទៅរកការលើកកម្ពស់ ការគាំទ្រដល់សហគមន៍ ដែលរស់នៅជិតបំផុតជាមួយធនធានធម្មជាតិសំខាន់ៗទាំងនេះ ជាពិសេសប្រព័ន្ធអេកូឡូស៊ីទន្លេសាប។
លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃអង្គការ River Ocean Cleanup បញ្ជាក់ថា “យើងអាចសំអាតសំណល់ប្លាស្ទិកទាំងអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ។ប៉ុន្តែដើម្បីរក្សាទឹកទន្លេឱ្យមានអនាម័យល្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ ការអប់រំ និងការពង្រឹង អនុវត្តន៍ច្បាប់ គឺជាអាទិភាពសំខាន់។ ទន្លេគឺជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង ដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ កសិកម្ម និងជីវិតមនុស្ស”។
សូមបញ្ជាក់ថាក្រុមហ៊ុនLeader Energy និង អង្គការសំអាតទន្លេ សមុទ្រ បានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារឲ្យមាននិរន្តរភាពប្រព័ន្ធអេកូឡូស៊ី នៃប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ គំនិតផ្តួចផ្តើមរួមគ្នានេះគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០២៨ ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាត ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើសហគមន៍មូលដ្ឋានផងដែរ៕




ដោយ ៖ ម៉ាដេប៉ូ