អ៊ីរ៉ង់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកពិបាក តែភាគីទាំងពីរយល់ព្រមចរចាថែមទៀត
តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង អាមេរិកបានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរនៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយទីក្រុងតេហេរ៉ង់បានហៅកិច្ចប្រជុំចុងក្រោយនេះថា ពិបាក ប៉ុន្តែភាគីទាំងពីរបានយល់ព្រមលើការចរចាបន្ថែមទៀត នេះបើតាមការចេញផ្សាយរបស់ CNN។
នេះគឺជាជុំទីបួននៃកិច្ចចរចា ដែលបានចាប់ផ្តើមជិតមួយខែកន្លងទៅនេះ ជាការកត់សម្គាល់ពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញនៅឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump។
ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងជុំបីកន្លងទៅ ហើយកាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បាននិយាយថា កិច្ចប្រជុំនេះគឺពិបាក ប៉ុន្តែមានការស្ថាបនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបង្ហោះសារនៅលើបណ្តាញ X ថា ជុំបន្ទាប់ នឹងត្រូវបានសម្របសម្រួល និង ប្រកាសដោយប្រទេសអូម៉ង់ និងថា កិច្ចពិភាក្សានឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរពិភាក្សាពីភាពជាអ្នកដឹកនាំរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអូម៉ានី លោក Badr Albusaidi បានគូសបញ្ជាក់ថា ជុំទី៥នឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរបានពិភាក្សាជាមួយមេដឹកនាំរបស់ពួកគេ។ លោករដ្ឋមន្រ្តីបន្ថែមថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ រួមមាន “គំនិតផ្តួចផ្តើមដំបូង និងមានប្រយោជន” ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាឈានឆ្ពោះដល់កិច្ចព្រមព្រៀងប្រកបដោយសេចក្តីថ្លៃថ្នូរ។
យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ គឺដោយផ្ទាល់ និងដោយប្រយោល ហើយមានរយៈពេលជាងបីម៉ោង។ កិច្ចព្រមព្រៀងត្រូវបានឈានដល់ ដើម្បីឆ្ពោះទៅមុខ និង បន្តធ្វើការតាមរយៈចំណុចសំខាន់ៗនៃបច្ចេកទេស។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Baqaei ធ្លាប់បាននិយាយថា ក្រុមអ្នកចរចានឹងជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
