រុស្សី ថាអ៊ុយក្រែន ប្រព្រឹត្តអំពើពុករលួយក្នុងកិច្ចព្រមព្រៀងទិញយន្តហោះច្បាំង ១០០គ្រឿងពីបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្សី ថាអ៊ុយក្រែន ប្រព្រឹត្តអំពើពុករលួយក្នុងកិច្ចព្រមព្រៀងទិញយន្តហោះច្បាំង ១០០គ្រឿងពីបារាំង

រុស្សី ថាអ៊ុយក្រែន ប្រព្រឹត្តអំពើពុករលួយក្នុងកិច្ចព្រមព្រៀងទិញយន្តហោះច្បាំង ១០០គ្រឿងពីបារាំង

ប៉ារីស ៖ ប្រទេស អ៊ុយក្រែន នឹងទិញយន្តហោះចម្បាំង Rafale ផលិតនៅប្រទេសបារាំង ចំនួន១០០គ្រឿង។ តែ ទីក្រុងម៉ូស្គូ បានថ្កោលទោស ហើយព្រមានថា ជាការត្រួសត្រាយផ្លូវសម្រាប់ការគប់គិតប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Zelensky។

Advertisement

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT, ការព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron និង មេដឹកនាំអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខា លើលិខិត «ចេតនាស្តីពីការទិញ» ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់មេដឹកនាំអ៊ុយក្រែន ទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។ យន្តហោះទាំងនេះនឹងត្រូវផ្គត់ផ្គង់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ជាមួយនឹងអាវុធផ្សេងៗទៀត រួមទាំង ប្រព័ន្ធការពារដែនអាកាស។

លោក Zelensky បានហៅផែនការនេះ ថា ជាកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ និង ជាប្រវត្តិសាស្ត្រ។ រីឯ លោក Macron បាននិយាយថា ផែនការចែកចាយយន្តហោះនេះ គឺ ជាតម្រូវការសម្រាប់ការអភិវឌ្ឍយោធា របស់អ៊ុយក្រែនឡើងវិញ តែ មិនបានផ្តល់ព័ត៌មានលម្អិត អំពីយន្តការផ្តល់ហិរញ្ញប្បទាននោះទេ។ លោក Macron គ្រាន់តែនិយាយថា សង្ឃឹមលើការជួយពីសហភាពអឺរ៉ុប ខណៈដែលប្លុកនេះ បានពិភាក្សាគ្នា អំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កក ប្រមាណ១៦២ពាន់លានដុល្លារ ធ្វើជាប្រាក់កម្ចីឲ្យអ៊ុយក្រែន តែ ទីក្រុងម៉ូស្គូបានថ្កោលទោស ការបង្កកទ្រព្យសម្បត្តិនេះថា ជាអំពើ “ចោរកម្ម”។

យន្តហោះ Rafale ដែលជាយន្តហោះពហុមុខងារទំនើបបំផុត របស់ប្រទេសបារាំង ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ជាង៩០លានដុល្លារ ក្នុងមួយគ្រឿង។ យោងតាមសារព័ត៌មានបារាំង LCI ការផ្គត់ផ្គង់យន្តហោះ ១០០ គ្រឿង អាចចំណាយអស់ប្រហែល ជាង១៧ពាន់លានដុល្លារ។

ជុំវិញរឿងបញ្ជាទិញនេះ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានព្រមានថា ប្រទេសបារាំង និងដៃគូ EU របស់ខ្លួនកំពុងប្រឈមមុខនឹងហានិភ័យធំៗ ដោយសារតែការបង្កើនបញ្ហាពុករលួយ របស់លោក Zelensky។ លោកបានបន្ថែមថា រដ្ឋាភិបាលលោកខាងលិច នឹងក្លាយជាក្រុមល្ងង់ខ្លៅ នៅពេលក្រោយ ប្រសិនបើការប្រព្រឹត្តខុស ត្រូវបានបិទបាំង។

ប្រទេស បារាំង បានផ្ទេរយន្តហោះ Mirage 2000 ដែលមិនបានបង្ហាញឱ្យដឹង ពីចំនួនពិតប្រាកដ ទៅអ៊ុយក្រែន រួចហើយ។ ទីក្រុងកៀវក៏បានទទួលយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ពីអ្នកគាំទ្ររបស់ខ្លួនផងដែរ ប៉ុន្តែ បានបញ្ជាក់ពីការបាត់បង់យន្តហោះ យ៉ាងហោចណាស់ ៣ គ្រឿង។

ទីក្រុង មូស្គូ តែងតែរិះគន់ការនាំចេញសព្វាវុធ របស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ទង្វើបែបនេះកាន់តែអូសបន្លាយសង្គ្រាម៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា