ក្រសួងរៀបចំដែនដីកំណត់ទិសដៅការងារបន្ត ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីកំណត់ទិសដៅការងារបន្ត ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជន

ក្រសួងរៀបចំដែនដីកំណត់ទិសដៅការងារបន្ត ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជន

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អានុសាសន៍ណែនាំអំពីទិសដៅការងារ ដែលក្រសួងត្រូវ បន្តយកចិត្តទុកដាក់ ជាពិសេសការរៀបចំភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋ។

Advertisement

បន្ទាប់ពីសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទិសដៅអាទិភាពបន្ទាប់ ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ច និងខឿនការពារជាតិរឹងមាំ ព្រមទាំងមានឯករាជ្យម្ចាស់ការ ខណៈដែលស្ថានភាពពិភពលោកមានការប្រែប្រួលឥតឈប់ឈរ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត ឆ្នាំ២០២៦របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អានុសាសន៍ណែនាំអំពីទិសដៅការងារ ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់។ ជាបឋម ឯកឧត្តមសង្កត់ធ្ងន់លើដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ ប៉ុន្តែបុគ្គលទទួលខុសត្រូវ។ ឯកឧត្តមបានណែនាំឲ្យមានការគិតគូរ និងផ្តល់ឱកាសដល់មន្ត្រី ដោយបង្កលក្ខណៈងាយស្រួលឱ្យពួកគាត់អាចបំពេញការងារបានល្អ និងលើកតម្កើងអ្នកខំប្រឹងប្រែងធ្វើការ។

ចំពោះការងារសុរិយោដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យមានច្បាប់គ្រប់គ្រងការវាស់វែង និងការផលិតផែនទី ព្រោះក្រសួងនឹងទៅក្លាយទៅជាអង្គភាពទទួលបន្ទុករៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ឯកឧត្តមជំរុញការធ្វើវារីវប្បកម្ម និងគិតគូរពីការផលិតដំណាំផ្សេងៗទៀត ក្រៅពីស្រូវ។ ចំពោះតំបន់បេតិកភណ្ឌពិភពលោក អង្គរ ដែលជាប្រភពចំណូលសំខាន់មួយរបស់កម្ពុជាវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់ក្នុងការរក្សាមរតកដូនតាផង និងធានាថាអ្នកស្រុកអង្គរ ទទួលបានផលប្រយោជន៍ពីអង្គរ ហើយចូលរួមថែរក្សាការពារអង្គរផង។

លើការងាររៀបចំដែនដី ឯកឧត្តមជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស។ អភិបាលរាជធានី-ខេត្តនឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំកិច្ចការនេះ ជាមួយការគាំទ្រផ្នែកបច្ចេកទេសបន្ថែមពីក្រសួង ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន។

ចំពោះការរៀបចំក្រុង និងទីប្រជុំជនវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់សារជាថ្មីពីសារសំខាន់នៃការរៀបចំភូមិឋានក្សេមក្សាន្ត ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលរស់នៅដោយសុភមង្គល និងសុខសុវត្ថិភាព ។ លើការងារលំនៅឋាននេះ ឯកឧត្តមសង្កត់ធ្ងន់ថា យើងមិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងទីកន្លែងបណ្តុះទំនាក់ទំនង ឥរិយាបថល្អប្រពៃ និងជាកន្លែងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ល្អ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។

ក្រៅពីនេះ ឯកឧត្តមចង់ប្រែក្លាយគម្រោងសម្បទានដីសង្គមកិច្ច ទៅជាគោលនយោបាយសម្បទានដើម្បីសង្គមកិច្ច និងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាចាំបាច់នានា ក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរអំពីការងារសំណង់ ដោយត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងសោភ័នភាព។ ឯកឧត្តមបញ្ជាក់ថា សំណង់មិនមែនគ្រាន់តែផ្តោតលើការសាងសង់អគារប៉ុណ្ណោះទេ ព្រោះវាជាវិស័យមួយ ដែលជួយបង្កើតការងារ ចំណូល និងរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជា។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្តោតលើការអភិវឌ្ឍសហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។

ចំពោះការងារជាមួយវិស័យឯកជន ឯកឧត្តមបានអំពាវនាវឲ្យមានការគិតគូរបន្ថែមអំពីឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ជាចុងក្រោយ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឲ្យបន្តការអប់រំផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា៕

អត្ថបទ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា