កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»

ភ្នំពេញ៖​ ចាប់ពីថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ២០២៥កម្ពុជាជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ» នៅខេត្តសៀមរាប

គួរបញ្ជាក់ថាសិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃនេះធ្វើឡើងនាសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង។
សិក្ខាសាលាមានការចូលរួមពី លោកជំទាវ អ៊ឹម រចនា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួមប្រមាណ៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ។ បើតាមឯកឧត្តមរដ្ឋលេខាធិការ សិក្ខាសាលាចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕

Advertisement

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា