លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា

លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា

ប្រទេសថៃផ្តល់អាទិភាព និងថែមទាំងទាមទារឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការ ឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការគាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនៈអន្តរជាតិ បូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញ ដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេភាគីនេះហាក់មានលក្ខណៈជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី បើទោះបីជាមានវិសមភាពយ៉ាងណាក៏ដោយ)។

Advertisement

ប្រទេសថៃបរាជ័យដោយមិនអាចឈានទៅបង្កើតយន្តការចរចាទ្វេភាគី ហេតុដូច្នេះហើយទើបប្រទេសថៃបានទទួលយកយន្តការចរចាពហុភាគី និងយល់ព្រមតាមកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើងជាយន្តការពហុភាគី ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបង្អស់នៅទីក្រុងកូឡាឡំពួរ។ ទោះបីជាយ៉ាងណាក៏ដោយ បទឈប់បាញ់មិនបាននាំប្រទេសថៃខិតទៅរកគោលដៅចុងក្រោយរបស់ខ្លួនក្នុងការគ្រប់គ្រងទឹកដីដែលខ្លួនបានជឿថា គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ ជាក់ស្តែងតំបន់ទាំងនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ហើយតំបន់ទាំងនោះនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងនេះក្តី ប្រទេសថៃបានគ្រប់គ្រងលើតំបន់ទាំងនោះដោយខុសច្បាប់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះពីអតីតកាល ហើយប្រទេសថៃត្រូវបានបង្ខំដោយរដ្ឋាភិបាលលោកខាងលិចឱ្យប្រគល់ទឹកដីទាំងនោះមកឱ្យប្រទេសកម្ពុជាចំនួនពីរលើកគឺ (លើកទីមួយនៅឆ្នាំ១៩០៧ ប្រទេសបារាំងបានបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីប្រទេសកម្ពុជាដែលខ្លួនទន្ទ្រានយកមកឱ្យកម្ពុជាវិញ និងលើកទីពីរនៅឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីរបស់ប្រទេសកម្ពុជាដែលខ្លួនកាត់យកដោយខុសច្បាប់នៅឆ្នាំ១៩៤១ មកឱ្យកម្ពុជាវិញ)។ ប្រទេសថៃនៅតែបន្តចាត់ទុកការបង្ខិតបង្ខំរបស់រដ្ឋាភិបាលលោកខាងលិច គឺជាឧទាហរណ៍នៃការដាក់គំនាបដោយមិនសមស្របរបស់អាណានិគមដែលប្រទេសថៃបដិសេធមិនទទួលយកជាដាច់ខាត។

បញ្ហាទឹកដីទាំងនោះបានបន្សល់ទុកឱ្យយើងនូវស្ថានភាពដូចបច្ចុប្បន្ន ដែលយន្តការចរចាទ្វេភាគី ហាក់បីដូចជាមិនទទួលបានផ្លែផ្កា ហើយយន្តការចរចាពហុភាគី ក៏មិនអាចជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួន ដូច្នេះប្រតិបត្តិការយោធា គឺជាមធ្យោបាយតែមួយគត់របស់ប្រទេសថៃ ក្នុងការសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្រឈ្លានពានរបស់ខ្លួន។ បញ្ហានេះ គឺមិនមែនស្ថិតនៅលើការបំពេញតាមលក្ខខណ្ឌសន្តិភាពរបស់ប្រទេសថៃទៀតទេ ប៉ុន្តែវាគឺជាការចោទសួរថា តើប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិមានឆន្ទៈក្នុងការធ្វើសម្បទានដែនអធិបតេយ្យភាពដើម្បីដោះដូរយកសន្តិភាពដែរឬយ៉ាងណា ហើយប្រសិនបើកម្ពុជាយល់ព្រមធ្វើសម្បទាន (ឬត្រូវបានបង្ខំឱ្យទទួលយកការបាត់បង់បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន) តើអ្វីទៅជារបៀបវារៈបន្តបន្ទាប់ទៀតដែលប្រទេសថៃនឹងទាមទារដើម្បីជាថ្នូរនឹងសន្តិភាព? ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ មិនគួរចាត់ទុកជម្លោះនេះត្រឹមតែជាបញ្ហាសន្តិសុខព្រំដែនទៀតនោះទេ ប៉ុន្តែជម្លោះនេះ គឺជាវិវាទដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់សេចក្តីសុខសាន្តរបស់ប្រទេសកម្ពុជា។

ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា