បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង

បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ ទី១២នៃសាលាភូមិន្ទរដ្ឋបាល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដោយមានការអញ្ជើញ​បើកវិញ្ញាសាជា​និមិត្តរូប​ដោយផ្ទាល់ ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមុខងារ សាធារណៈ។ការប្រឡងនេះក្នុង​គោលដៅផ្តល់​មន្ត្រីក្របខ័ណ្ឌ បម្រើការងារ​តាមរដ្ឋបាល​ក្រុង ស្រុក ខណ្ឌចំនួន២០៥កន្លែង។

Advertisement

អាន៖ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទឆ្នាំ២០២៥នេះ​ក្នុងគោលដៅផ្តល់មន្ត្រី​ក្របខ័ណ្ឌ​ដើម្បី​បម្រើការងារតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង ខណៈ មានបេក្ខជនចំនួន ១៦.៤៣៥​នាក់ដែលមានសិទ្ធចូលរួម ប្រឡងប្រជែង។

ក្នុងឱកាសបើកវិញ្ញាសាជានិមិត្តរូបដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធានគណៈកម្មការប្រឡងប្រជែង ក៏មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាព​ប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជន កម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងឱកាសនេះថា ការប្រឡងប្រជែងនាពេលនេះ ជាការប្រឡងប្រជែងលើកទី៥២ ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំ។ វិញ្ញាសាទើប នឹងតាក់តែងនៅពេលព្រឹកមិញនេះទេ ដោយគណៈកម្មការបាន​ជ្រើសរើសសំណួរចំនួន១០០ ចេញពីសំណួរប្រមាណ១៥០ ដើម្បីដាក់ជូនបេក្ខជនប្រឡងក្នុងពេលរសៀលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីសុក្រឹតភាពក្នុងការប្រឡងដោយការអះអាងថា ” គ្រប់សន្លឹក​កិច្ចការទាំងអស់ មានចុះ ហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះរបស់ខ្ញុំ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួល ឬដឹងមុនឡើយ។”

គប្បីជម្រាបជូនថា បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែង ២វិញ្ញាសា។ វិញ្ញាសាសរសេរលើកទី១ រៀបចំឡើងនា​សម័យ​ប្រឡង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈវិញ្ញាសាសំណួរពហុចម្លើយ ដើម្បីសម្រាំងយក ៣ដងនៃចំនួនបេក្ខជនជ្រើសរើសចុងក្រោយ (ឬប្រមាណ៦០០នាក់)។ វិញ្ញាសាសរសេរលើកទី២ នឹងរៀបចំឡើង នាសម័យប្រឡងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌល​ប្រឡង សាលាភូមិន្ទរដ្ឋបាល លើវិញ្ញាសាអធិប្បាយ និងភាសាអង់គ្លេស ឬភាសាបារាំង ដើម្បីជ្រើសរើសយកបេក្ខជនចុងក្រោយ ២០៥នាក់ ជាបេក្ខជនជាប់ស្ថាពរ។

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ មណ្ឌលប្រឡងប្រជែងទាំង៣ ផ្សេងទៀតរួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានជាតិ អប់រំ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានចាប់ផ្តើមការប្រឡង ប្រជែងនៅម៉ោង ១៤រសៀល លើវិញ្ញាសា​សំណួរពហុចម្លើយ ដូចគ្នាផងដែរ។ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសា សរសេរលើកទី១ ទើបត្រូវបានអនុញ្ញាតឱ្យ​ចូលរួម​ប្រឡងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖វ៉េង លឹមហួត

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា