អង់គ្លេស ,អាល្លឺម៉ង់ ចិន សាទរបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានសន្តិភាពរយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ,អាល្លឺម៉ង់ ចិន សាទរបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានសន្តិភាពរយៈពេលវែង

អង់គ្លេស ,អាល្លឺម៉ង់ ចិន សាទរបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានសន្តិភាពរយៈពេលវែង

ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសអង់គ្លេស ,អាល្លឺម៉ង់ និងចិន បានបន្លឺ​សំឡេង​សាទរចំពោះបទឈប់បាញ់រវាងកម្ពុជា ថៃដែលបាន​ចូល​ជាធរមាននៅវេលាថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ការ​ប្រយុទ្ធ​បានកើតឡើងរយៈពេល២០ថ្ងៃ។

Advertisement

លើបណ្ដាញសង្គមផ្លូវការ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅ​កម្ពុជា​នៅថ្ងៃទី២៧ ខែធ្នូ នេះបានបង្ហោះសារពី​លោក​បណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញ​សង្គម អ៊ិច(X)។សាររបស់លោករដ្ឋមន្រ្តី​ការបរទេសបាន​ខ្លឹមសារថា”បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើន​សប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយ​ឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួន​ក្នុងស្រុក។

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបន្ថែមដោយការជំរុញថា “ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់​នូវកិច្ចព្រមព្រៀង​នេះ​ជាប់លាប់”។

លើបណ្ដាញសង្គមអ៊ិចដដែល លោកJohann Wadephul សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ប្រធាន អាស៊ាន និងក្រុមសង្កេតការណ៍។ លោកថាតួនាទីរបស់ពួកគេនៅតែមាន​សារៈសំខាន់ក្នុងការទប់ស្កាត់ការកើត​ឡើងវិញ​នៃអំពើហិង្សា។តែលោកបាន​បង្ហាញនូវការកត់សម្គាល់ថា​កិច្ចព្រមព្រៀងបទ​ឈប់​បាញ់អាចជាជំហាន​ដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បី​សម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត។

ត្រឡប់ទៅអង់គ្លេសឯណោះវិញ លោកជំទាវរដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃចក្រភពអង់គ្លេសបានសាទរ និង​បង្ហាញ​ការគាំទ្រ​យ៉ាងពេញទំហឹងចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងថៃ។

តាមរយៈសេចក្តីថ្លែងការណ៍លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក បាន​ប្រកាសស្វាគមន៍ព័ត៌មាននៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។លោកជំទាវបន្ថែមថា វាពិតជាសំខាន់ ដែលឥឡូវនេះ យើងឃើញការបន្តពិភាក្សា និងការអនុវត្តប្រកបដោយនិរន្តរភាព ដែលគាំទ្រ​ដោយ​អាស៊ានដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាពរយៈ​ពេលវែង។

ចំណែកឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បាន​បង្ហោះសារលើបណ្ដាញផ្លូវការ​របស់លោកដោយ​សរសេរថា “សូម​អបអរ​សាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ច​ព្រមព្រៀង​បទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវ​បានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់​ប្រជាជននៃ​ប្រទេស​ទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុង​ពេលឆាប់ៗនេះ”។

មិនភ្លេចក្នុងការគូសរំលេចអំពីភាពលេចធ្លោរបស់ចិននៅដំណាក់កាលចុងក្រោយនេះ ឯកអគ្គរដ្ឋចិន​ខាងលើបាន​បញ្ជាក់​នៅចុង​បញ្ចប់​នៃសាររបស់លោកថា”ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការ​កសាង​សន្តិភាពឡើងវិញ”។

គឺដូចនឹងអ្វីដែលឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ នៅថ្ងៃទី២៧ ខែធ្នូនេះដែរឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន
បាន​អញ្ជើញភ្លាមៗមកកាន់រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ អញ្ជើញទៅចូលរួមកិច្ចប្រជុំត្រីភាគី
កម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ក្នុងកម្មវត្ថុដើម្បី​ពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ។

គួរជម្រាបថានៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឈាន​ដល់ការរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មា​ធិការ​​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹង​ខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។ភាគីកម្ពុជា​ដឹកនាំ​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ,ភាគី​ថៃ ដឹកនាំដោយ នាយឧត្តម​សេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ។កិច្ចប្រជុំពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)បានឈាន​ដល់​ការ​ចុះហត្ថលេខាលើ​សេចក្តីប្រកាសរួមដែលមាន៣ចំណុចធំ និង​១៦ចំណុចតូច។

ក្នុងនេះភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយ​ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការ​ប្រើ​ប្រាស់អាវុធ​គ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយ​រាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ​និងហេដ្ឋា​រចនា​សម្ព័ន្ធស៊ីវិល ។
ស្របតាមស្មារតីនៃសេចក្ដី​ប្រកាស​រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥យោធិនកម្ពុជា​ចំនួន ១៨ រូប នឹងត្រូវបញ្ជូន​ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបាន​​គោរព​យ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង៕

ដោយ៖មុនី
រូបថត៖ស្ថានទូត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា