អត្ថបទវិភាគ៖ «ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថបទវិភាគ៖ «ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

អត្ថបទវិភាគ៖ «ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូត និងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ពិសេសគឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។

Advertisement

ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ការផ្ទុះសង្គ្រាមទាំងពីរលើក មិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែកម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។ នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២ និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបទឈប់បាញ់នេះ មិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផង។ ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧២ម៉ោងផងដែរ។

តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អ ពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយការឈរជើងរបស់កងទ័ព តាមរយៈការប្រយុទ្ធគ្នាក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរ។ ដូច្នេះ សង្គ្រាមទាំងពីលើកដែលសរុបមានរយៈពេល២៦ថ្ងៃ ហើយដែលកម្ពុជាមិនចង់ឃើញទាល់តែសោះនោះ គ្មានបានផលអ្វីក្រៅពីការខូចខាតឡើយ ពោលគឺជម្រើសសង្គ្រាមដែលថៃចង់បានគឺជាជម្រើស «ចាញ់ ចាញ់» ផ្ទុយស្រឡះពីជម្រើស«ឈ្នះ ឈ្នះ» របស់កម្ពុជា។

ទីបំផុត ដំណោះស្រាយបានវិលទៅរកជម្រើស «ឈ្នះ ឈ្នះ» ដដែល ប៉ុន្តែ គួរឱ្យសោកស្តាយដែលភាគីថៃបានជ្រើសរើសផ្លូវសង្គ្រាម។ យ៉ាងណា ជំហរសន្តិភាពនិយមរបស់ថ្នាក់ដឹកនាំកម្ពុជាបានវិលវិញហើយ។ ឈប់បាញ់ ឈប់បង្ហូរឈាម និងឈប់បង្កការភ័យខ្លាច និយាយជារួមគឺបញ្ឈប់ការខាតបង់ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ នេះជាតម្លៃនៃបទឈប់បាញ់។ តើមានប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលចង់បានការបាញ់គ្នាបន្ត? គឺប្រាដកជាគ្មានឡើយ ជាពិសេសសម្រាប់កងទ័ពជួរមុខរឹតតែមិនចង់ឃើញសង្គ្រាមទេ ថ្វីត្បិតតែពួកគេមានឯកសណ្ឋានជាអ្នកប្រយុទ្ធក៏ដោយ។ ហេតុដូច្នេះហើយបានជាមេដឹកនាំកម្ពុជាទាំងលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ពុះពារគ្រប់យ៉ាងដើម្បីនាំសន្តិភាពមកវិញ។ នយោបាយបែបនេះពិតជាទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ អ្នកសន្តិភាពនិយមតែងនិយាយថា ពេលមានសង្គ្រាមទើបគេយល់ពីតម្លៃសន្តិភាព។ នេះជាការពិតមិនអាចប្រកែកបាន ពីព្រោះ ឮក្នុងអំឡុងពេលការប្រយុទ្ធគ្នាពេញបន្ទុកបានកើតឡើង ពលរដ្ឋខ្មែរគ្រប់ទិសទីបាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារសន្តិភាព និងប្រឆាំងការរំលោភបំពានពីសំណាក់កងទ័ពថៃ។ ព្រឹត្តិការណ៍នេះបង្ហាញច្បាស់ថា ពលរដ្ឋខ្មែរក៏ដូចជាមនុស្សជាតិនៅលើភពផែនដីទាំងមូលពិតជាស្អប់ខ្ពើមភ្លើងសង្គ្រាមណាស់។ ដូច្នេះ បើមានសន្តិភាពក្នុងដៃហើយត្រូវតែរក្សា ជាពិសេសប្រទេសមួយអាចចាត់ទុកថាមានសំណា ងបើសិនជាមានមេដឹកនាំដែលមានបេះដូងសន្តិភាព និងធ្វើអ្វីៗដើម្បីសន្តិភាព។

សរុបមកវិញ កម្ពុជាបានស្គាល់សន្តិភាពពេញលេញរយៈពេលជិត៣០ឆ្នាំចុងក្រោយ គឺដោយសារតែមានមេដឹកនាំដែលស្រឡាញ់សន្តិភាព និងការពារសន្តិភាព។ ពេលមានសន្តិភាព ការអភិវឌ្ឍប្រទេសពិតជាមានល្បឿនលឿនយ៉ាងខ្លាំង។ ប៉ុន្តែ ក្នុងសង្គ្រាម២៦ថ្ងៃចុងក្រោយនេះ ការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរណាស់។ នេះគឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ថា ទោះដោយតម្លៃណាក៏ដោយ យើងត្រូវចាប់យកសន្តិភាពមុនគេ។ បន្ទាប់មក រឿងអ្វីផ្សេងអាចដោះស្រាយបានតាមក្រោយ។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាពហើយ រឿងអ្វីក៏មិនអាចដោះស្រាយបានដែរពោលគឺមានតែក្តីវិនាសអន្តរាយតែមួយមុខគត់។

តើមានអ្វីថ្លៃថ្លាជាងសន្តិភាពទៀត? ជាពិសេសសន្តិភាពដែលបើកផ្លូវទៅរកការជជែកគ្នាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះ ដូចបទឈប់បាញ់ដែលយើងកំពុងមានក្នុងដៃពេលនេះ។ មានតែមនុស្សប្រទូសរាស្តនឹងសន្តិភាពទេ ទើបទោមនស្សជាមួយបទឈប់បាញ់ដែលរកបានដោយលំបាកបែបនេះ។ ប្រជាពលរដ្ឋខ្មែរពិតជាយល់ច្បាស់ពីបញ្ហានេះ និងយល់កាន់តែច្បាស់អំពីតម្លៃដ៏បរិសុទ្ធ និងអត្ថន័យដ៏ ជ្រាលជ្រៅនៃពាក្យ «អរគុណសន្តិភាព»៕

ដោយ៖វង្ស មករា សាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា