លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមតំឡើងពន្ធ លើស្រាក្រហម និងស្រាសំប៉ាញ របស់បារាំង ២០០ភាគរយ បន្ទាប់ពីបានដឹងដំណឹងដែលថា លោកប្រធានាធិបតី ម៉ាក្រុង បានទាត់ចោល ការអញ្ជើញឲ្យចូលរួម នៅក្នុងក្រុមប្រឹក្សាសន្តិភាព។ លោកថា វិធានការដាក់គំនាបពន្ធនេះ នឹងជំរុញឱ្យ លោក Emmanuel Macron ព្រមចូលរួម នៅក្នុងគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព” ដែលលោកគូសបញ្ជាក់ថា បង្កើតឡើង ក្នុងគោលបំណងដោះស្រាយជម្លោះពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ។

Advertisement

នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកយកព័ត៌មាន អំពីលោក Macron ថា មិនចូលរួម ក្នុងក្រុមប្រឹក្សាភិបាលមួយនេះ, លោក Trump បានឆ្លើយតប ទាំងកំហឹងវិញថា «តើគាត់និយាយអញ្ចឹង មែនទេ? បើបែបនេះមែន នោះនឹងគ្មាននរណាម្នាក់ចង់បានគាត់ទេ ព្រោះគាត់នឹងចេញពីតំណែង ឆាប់ៗនេះ»។ លោក Trump បាននិយាយថា «ខ្ញុំនឹងដាក់ពន្ធ ២០០ ភាគរយ លើស្រាក្រហម និងស្រាសំប៉ាញ របស់បារាំង ហើយគាត់នឹងចូលរួម ប៉ុន្តែ គាត់មិនចាំបាច់ចូលរួមទេ»។

ប្រភពស្និទ្ធនឹងលោក Macron បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសបារាំង មានបំណងបដិសេធ ការអញ្ជើញឱ្យចូលរួម ក្នុងគំនិតផ្តួចផ្តើម នៅដំណាក់កាលនេះ។

ដើមឡើយ លោក Trump បានស្នើបង្កើតក្រុមប្រឹក្សាភិបាល នៅពេលដែលលោកបានប្រកាស កាលពីខែកញ្ញា ឆ្នាំមុន អំពីផែនការបញ្ចប់សង្រ្គាម នៅហ្គាហ្សា។ ប៉ុន្តែ ការអញ្ជើញ ដែលបានផ្ញើទៅមេដឹកនាំពិភពលោក កាលពីសប្តាហ៍មុន បង្ហាញពីតួនាទីដ៏ទូលំទូលាយ ក្នុងការបញ្ចប់ជម្លោះ នៅទូទាំងពិភពលោក។

សេចក្តីព្រាងធម្មនុញ្ញ ដែលបានផ្ញើទៅកាន់ប្រទេសប្រហែល ៦០ ដោយរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យសមាជិក ចូលរួមវិភាគទាន ជាសាច់ប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ប្រសិនបើពួកគេចង់បានសមាជិកភាព នៅក្នុងក្រុមប្រឹក្សាសន្តិភាពមួយនេះ ដែលមានរយៈពេល លើសពី ៣ឆ្នាំ នេះបើយោងតាមឯកសារ ដែលបានឃើញដោយសារព័ត៌មាន Reuters ។

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលប្រទេសនានា បានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះការអញ្ជើញរបស់លោក Trump ខណៈដែលក្រុមអ្នកកាទូតអះអាងថា ផែនការនេះ អាចប៉ះពាល់ដល់ការងារ របស់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃចន្ទ លោក Trump ក៏បាននិយាយផងដែរថា សូម្បីតែ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិក ក្រុមប្រឹក្សាសន្តិភាព នេះដែរ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា