ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសថា កាលពីព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

Advertisement

សេចក្តីព្រាងច្បាប់ ដែលមាន៣មាត្រានេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (ហៅកាត់ថា UNCLOS) គឺជាឧបករណ៍គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកល ដែលកំណត់ព្រំដែនសមុទ្រ, សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ, សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ, សេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ, និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។ អនុសញ្ញានេះនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជារួមមាន៖

  • ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រក្នុងនាមជាប្រទេសជាប់សមុទ្រ
  • ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម
  • ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយ បណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរ
  • ទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។

បច្ចុប្បន្ន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មានប្រទេសចំនួន១៧១ និង ក្នុងក្របខ័ណ្ឌអាស៊ាន មានប្រទេសចំនួន១០ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ នៅតែកម្ពុជាដែលមិនទាន់ចូលជាភាគីនៅឡើយ។ កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចជា គោលការណ៍ឱ្យកម្ពុជារៀបចំនីតិវិធី ដើម្បីផ្តល់សច្ចាប័ន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា