ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែទំនើប និងសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែទំនើប និងសុវត្ថិភាព

ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែទំនើប និងសុវត្ថិភាព

ភ្នំពេញ៖បច្ចុប្បន្នប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធនាគារជាតិ​នៃ​កម្ពុជា បន្តអភិវឌ្ឍ​ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការ​ទូទាត់​ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែន ជាមួយបណ្តា ប្រទេសនានានៅក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញ​ទូទាត់​​អន្តរជាតិផ្សេងៗទៀត។

Advertisement

មានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារ​ជាតិនៃ​កម្ពុជានាចុង​សប្ដាហ៍​នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា បានរំលេចថា ឆ្នាំ២០២៥កន្លងទៅ ឥណទានដែលផ្តល់​ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ២០២៤ ដែលរួមចំណែក​គាំទ្រ​ដោយកំណើនតម្រូវការ​ទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើ​ក្នុងប្រព័ន្ធធនាគារ បានបន្តកើន​ឡើងល្អ​ប្រសើរ ជាមួយនឹងអត្រា​កំណើន ១៤.៧ភាគរយ ។ តាមរយៈកំណើនទាំងនេះ ប្រព័ន្ធធនាគារ​នៅតែមានភាពធន់ និងបន្តទទួល​បានជំនឿទុកចិត្តពីសាធារណជន ។

លោកជំទាវបណ្ឌិត បន្តថា ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយ​សារស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែល​បន្តមាន​សភាពតានតឹង និងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិរឹតត្បិត នៅ​ឆ្នាំ២០២៥​ សេដ្ឋកិច្ច ពិភពលោកត្រូវបានប៉ាន់ស្មាន​ថា​មានកំណើន​យឺត ។ សម្រាប់កម្ពុជា បើទោះជាមានកំណើនទាបជាងឆ្នាំ២០២៤ និងការរំពឹងទុកកាលពីដើមឆ្នាំ២០២៥ សេដ្ឋកិច្ច​ត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើន ៥% ដែលត្រូវបានគាំទ្រជាចម្បងដោយ​កំណើន​​នៃការនាំចេញ ទាំងផលិត​ផលកម្មន្ត​សាលកាត់ដេរ និង​មិន​មែន​កាត់ដេរ ។អតិផរណាជាមធ្យមបានកើន​ឡើងបន្តិច​មកកម្រិត ២,៥% ស្របពេលដែល​តម្លៃ​ប្រាក់រៀល​ក៏ត្រូវ បានរក្សាឱ្យមាន​ស្ថិរភាព​ក្នុងអត្រាជាមធ្យម ៤.០១១ រៀលក្នុងមួយដុល្លារអាម៉េរិក ដែលបាន រួមចំណែកក្នុង​ការរក្សា​ស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅ​នៅលើទីផ្សារផងដែរ ។ ទុនបម្រុងអន្តរជាតិកើនឡើង ២២,៣% ដល់ ២៧,៥ ប៊ីលានដុល្លារ​អាមេរិក ស្មើនឹង ប្រមាណ ៨ខែ នៃការនាំ​ចូល​ទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលត្រូវបានបន្តចាត់​ទុកថា មានកម្រិត​ខ្ពស់សមស្រប ។

ជាមួយនេះ លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយសម្រាល​បន្ទុកដល់យោធិន​នៅ​សមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែន​កម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំ​ឱ្យគ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងផ្តល់ការ​អនុគ្រោះផ្សេងៗ ។ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោល​ឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ លុបចោលឥណទានរហូតដល់ ១០លានរៀល សម្រាប់អតិថិជនជាយោធិនពិការក្នុងសមរភូមិ ព្រមទាំងមាន​ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនទូទៅជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការ​ដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើ​ប្រតិបត្តិកា​រផ្ទាល់ ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀបចំឥណទាន​ឡើងវិញ ជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន ៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ពាន់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា