ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍

ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីវិធីការពារខ្លួនពីវីរុសនីប៉ាហ៍ (Nipah) ដែលកំពុងរីករាលដាលនៅប្រទេសឥណ្ឌា ហើយអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រសួងបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការរកឃើញករណីឆ្លងវីរុសនីប៉ាហ៍លើមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ។

Advertisement

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានពន្យល់ថា ជំងឺនេះបង្កឡើងដោយវីរុសនីប៉ាហ៍ ដែលមានប្រភពនៅលើសត្វប្រចៀវ និងអាចឆ្លងទៅ សត្វចិញ្ចឹម ដូចជា ជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ តាមរយៈផ្លែឈើដែលសត្វប្រចៀវមានមេរោគស៊ី ហើយសត្វទាំងនោះស៊ីបន្ត។

មនុស្សអាចឆ្លងមេរោគនេះនៅពេលប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ឬប៉ះទឹកសរីរាង្គសត្វ ដូចជាឈាម លាមក ឬទឹកនោម។ មនុស្សក៏អាចឆ្លងបានដែរបើទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍។ វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈទឹកសរីរាង្គ និងតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ហើយមានអត្រាស្លាប់ចន្លោះពី៤០ទៅ៧០%។

វីរុសនីប៉ាហ៍ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេ។ វីរុសនេះត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។ ចំពោះប្រទេសកម្ពុជា ក្រសួងសុខាភិបាលបញ្ជាក់ថា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សឡើយ ប៉ុន្តែធ្លាប់រកឃើញលើសត្វប្រចៀវ។

អ្នកឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញានៅដំណាក់កាលដំបូង ឬមានរោគសញ្ញាស្រាល មុននឹងវិវត្តទៅជាជំងឺផ្លូវដង្ហើមស្រួចស្រាវ និងរលាកខួរក្បាលធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យបាត់បង់ជីវិត។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូតដល់ចាប់ផ្តើមមានរោគសញ្ញា គឺមានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែករណីខ្លះអាចរហូតដល់ ៤៥ថ្ងៃ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម គឺធ្វើឱ្យវិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ និងសន្លប់ក្នុងអំឡុងពី២៤ទៅ៤៨ម៉ោង។
បច្ចុប្បន្ន មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងប្រព័ន្ធប្រសាទប៉ុណ្ណោះ។

ដើម្បីកាត់បន្ថយហានិភ័យឆ្លង ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋលាងសម្អាតដៃជាប្រចាំ រក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ សត្វប្រឹង និងសត្វឈឺ។
ផ្លែឈើត្រូវលាងសម្អាត និងបកសំបកមុនទទួលទាន ហើយបើសង្ស័យថា ផ្លែឈើត្រូវសត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល។ ចំពោះទឹកត្នោតស្រស់គួរដាំឱ្យពុះមុនទទួលទាន។ ក្រៅពីនេះ បុគ្គលិកថែទាំសុខភាព និងអ្នកពាក់ព័ន្ធ ត្រូវពាក់សម្ភារការពារខ្លួនពេញលេញ ពេលប៉ះពាល់អ្នកជំងឺ ឬសត្វសង្ស័យឆ្លង ហើយត្រូវអនុវត្តវិធានការគ្រប់គ្រងការឆ្លងរោគយ៉ាងតឹងរឹង៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា