កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលកសិកម្មពីកម្ពុជាឆ្លងកាត់ឡាវ ឆ្ពោះទៅប្រទេសទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលកសិកម្មពីកម្ពុជាឆ្លងកាត់ឡាវ ឆ្ពោះទៅប្រទេសទី៣

កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលកសិកម្មពីកម្ពុជាឆ្លងកាត់ឡាវ ឆ្ពោះទៅប្រទេសទី៣

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តឱ្យ​ក្រសួង​កសិកម្មកម្ពុជា-ឡាវ ពន្លឿននូវនីតិវិធី​ក្នុងការជំរុញ​កិច្ចសហ​ប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសទី៣ ។ការលើក​ទឹក​ចិត្តនេះ​ស្រប​ពេលក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ទើប​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពីការដឹក​ជញ្ជូន​កសិផល​ឆ្លង​កាត់​(Transit) ដែលនឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់​ទឹកដី​ឡាវ​ជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។

Advertisement

កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យ​ឯកឧត្តម​បណ្ឌិត លីនខាំ ឌួងសាវ៉ាញ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួង​កសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងបរិស្ថានឡាវបាន​ជម្រាប​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីដំណើរ​ទស្សនកិច្ចរបស់​ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ។ដំណើរ​ទស្សនកិច្ចមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើន​ផលិត​ផល​កសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការ​ដឹកជញ្ជូន​ផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់​ប្រទេសទី៣។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចធិបតីដែរថា ក្រសួង​កសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុង​ការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់​ប្រទេសទី៣។ឯកឧត្តមបានប្ដេជ្ញាជំរុញកិច្ច​សហប្រតិ​បត្តិការ​ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យ​បានឆាប់​រហ័ស។ឯកឧត្តម​ក៏បានប្ដេជ្ញានៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការលើវិស័យកសិកម្ម និង​បរិស្ថាន​ឱ្យ​កាន់តែរីក​ចម្រើន និងរឹងមាំ​បន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

បញ្ជាក់តបទៅភ្ញៀវវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​ពីទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ។ សម្ដេចធិបតី​បានបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជា​ច្រើន​ទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹង​ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរ ពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិ​ការលើ​ការដឹក​ជញ្ជូន​ផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចធិបតីជឿជាក់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបថា កាលព្រឹកថ្ងៃទី២៥​ ខែមករា​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹក​ជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ឯកឧត្តមបណ្ឌិត​ លីនខាំ ឌួងសាវ៉ាញ រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ឡាវ​ នៅទីស្តីការ​ក្រសួងកសិកម្ម​ ។តាមរយៈកិច្ចព្រមព្រៀងនេះ ផលិតផល​កសិកម្ម​​កម្ពុជានាំទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាម​ប្រទេស​ឡាវ។

គួររំលឹកថា កម្ពុជា ឡាវ បានបង្កើតទំនាក់ទំនងការទូតនៅ​ឆ្នាំ១៩៥៦៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា