អង្គការអភិរក្សសមុទ្រកម្ពុជាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីពីពូជសត្វផ្សោត និងទំនាក់ទំនងដ៏កម្ររបស់ពួកវា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការអភិរក្សសមុទ្រកម្ពុជាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីពីពូជសត្វផ្សោត និងទំនាក់ទំនងដ៏កម្ររបស់ពួកវា

អង្គការអភិរក្សសមុទ្រកម្ពុជាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីពីពូជសត្វផ្សោត និងទំនាក់ទំនងដ៏កម្ររបស់ពួកវា

MC៖អង្គការអភិរក្សសមុទ្រកម្ពុជាឬអឹមស៊ីស៊ី (MCC)បានបង្ហាញ​អត្ថបទស្រាវជ្រាវថ្មី​ដែលចងក្រង​អំពីអន្តរកម្មដ៏​កម្រ​របស់សត្វ ផ្សោត​នៅកម្ពុជា។ការចេញផ្សាយនេះបង្ហាញពីពូជសត្វសមុទ្រដែល​មាន​ទំនាក់ទំនងគ្នាដោយកម្រ និង​សារៈសំខាន់​របស់ពួកវា។

Advertisement

អាន៖ក្នុងការចេញផ្សាយនៅដើមសប្តាហ៍នេះ អង្គការអភិរក្ស​សមុទ្រ​កម្ពុជាឱ្យដឹងថា”ក្នុងអំឡុងពេលចុះអង្កេតការជាប្រចាំរបស់ ក្រុម​ការងារ​អឹមស៊ីស៊ី ក្នុងខែឧសភា ឆ្នាំ២០២៤ នៅសហគមន៍នេសាទ​ព្រែកត្នោត (ខេត្តកំពត)ពួកយើងបានថតជាប់នូវ​សកម្មភាព​ប្រាស្រ័យ​​ទាក់ទងគ្នារបស់សត្វផ្សោតក្បាលត្រឡោក និងកូនរបស់វា​ជាមួយនឹងហ្វូងផ្សោតឃ្លៀច”។

អង្គការដដែលបន្ថែមថា បើទោះបីជាប្រភេទពូជផ្សោតទាំងពីរ​ប្រភេទ​នេះត្រូវបានគេឃើញមានរស់នៅតាមតំបន់សមុទ្រ និងទឹក​ពាមនៅ​កម្ពុជាក៏ដោយក្ដី ក៏ការទំនាក់ទំនងរបស់ពួកវាគឺកម្រនឹងមានគេ​បាន​ឃើញណាស់។ វាគួរឱ្យចម្លែកដែល​កូនផ្សោតក្បាល​ត្រឡោកបាន​ហែលនៅក្នុងហ្វូងផ្សោតឃ្លៀច ដូចមេនឹងកូន។ ចំណែកឯហ្វូងផ្សោត​ឃ្លៀចពេលខ្លះគេឃើញថាវា​បានបញ្ចេញ​សកម្មភាពការពារខ្លួន​ទៅកាន់ផ្សោតក្បាលត្រឡោកដែលជាមេថែមទៀត។ សម្រាប់​អន្តរកម្ម​មួយនេះ ពុំទាន់ត្រូវបានគេយល់​ច្បាស់ពីចេតនារបស់​វានៅ​ឡើយទេ។

អឹមស៊ីស៊ីបានបង្ហាញលទ្ធផលស្រាវជ្រាវដោយប្រើប្រាស់​ទូកចុះ​អង្កេតផ្សោត ជាមួយនឹងការបង្ហោះយាន​គ្មានមនុស្ស​បើក​(ដ្រូន)ថា ក្រុមការងាររបស់យើងអាចប្រមូលចងក្រងលម្អិតពីការងារមួយនេះបានយ៉ាងប្រសើរ។ គឺសកម្មភាពទំនាក់​ទំនង​ដោយកម្រនៃសត្វ​ផ្សោតទាំងទាំងពីរប្រភេទនេះត្រូវបានផ្ដិតយករូបភាព និងបញ្ចូល​ទៅក្នុងអត្ថបទស្រាវជ្រាវដែលមានការ​ត្រួតពិនិត្យពីអ្នកជំនាញ ដែល​ជាឯកសារដំបូងគេបង្អស់នៅកម្ពុជាដែលបង្ហាញពីការប្រាស្រ័យទាក់ទងគ្នារបស់ពពួក​ក្រុមផ្សោត​ទាំងពីរប្រភេទនេះ។ លើសពី​នេះ ក្នុង​ឯកសារនោះក៏មានបង្ហាញពីសារ:សំខាន់ ក្នុងការបន្តតាមដាន​ពីជិវិត​សត្វសមុទ្រ​នៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងសត្វផ្សោតដដែល លោក វ៉េត សុនីម អនុប្រធានមន្ទីរ​បរិស្ថាន ខេត្តកោះកុងអធិប្បាយថា សត្វផ្សោតនៅ ពាមក្រសោ​បក្នុងខេត្តកោះកុង ជាសត្វផ្សោតទឹកប្រៃ។ពួកវាមាន៣ប្រភេទគឺ ផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។

លោកបន្ថែមថា បើតាមរយៈការសិក្សាស្រាវជ្រាវកាលពីអំឡុងឆ្នាំ ២០១៨គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០​ក្បាល។សត្វផ្សោតដែលសម្បូរជាងគេនៅកោះកុងគឺសត្វផ្សោតក្បាលត្រងោល និងសត្វផ្សោតឃ្លៀច។ ឯសត្វផ្សោតឥតព្រុយ​គ្នា​មានចំនួន​តិចតួចទេ ហើយសត្វផ្សោតប្រភេទនេះច្រើនរស់នៅទឹកជ្រៅ ។វាក៏ជាសត្វកម្របំផុតក្នុងពិភពលោក។

ចំណែកទីជម្រកសត្វផ្សោតទាំងនេះវិញ លោកអនុប្រធាន​មន្ទីរ​បានប្រាប់ថា ពួកវាច្រើនរស់នៅក្នុងលំហដែនទឹក​នៅជាប់​ខាងក្រៅ​នៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃ​ពាម​ក្រសោបខេត្តកោះកុង មានដូចជា នៅឃុំកោះកាពិ ឃុំបាក់ខ្លង ឃុំពាមក្រសោប និងសង្កាត់ដងទង់ ជាដើម។

បើតាមឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន,​បច្ចុប្បន្នកម្ពុជាបានរកឃើញច្រើនទៅលើជីវចម្រុះក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិភពលោកគ្មានទេ ពោលគឺមាន​តែនៅកម្ពុជា។វត្តមានសត្វផ្សោតនៅក្នុងតំបន់សមុទ្រ​កម្ពុជាក៏បាន​បង្ហាញពីសក្តានុពលធនធានធម្មជាតិរបស់កម្ពុជាដែលមានការអភិរក្សបានល្អប្រសើរ ។ជា​ពិសេសក៏ជាផ្នែកមួយ​ក្នុងការទាក់ទាញ​វិស័យ​ទេសចរណ៍ដែលតំបន់ការពារធម្មជាតិយើងត្រូវបានការពារ និងត្រូវ​បានអភិរក្សបានល្អប្រសើរ។

ដោយឡែក លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស​ជលផល​ធ្លាប់បានប្រាប់បណ្ដាញព័ត៌មានAMSថា៖សត្វផ្សោត​ឃ្លៀច​ស្ថិតនៅក្នុងចំណោមសត្វផ្សោត៣ផ្សេងទៀត(ផ្សោតឃ្លៀច ផ្សោតក្បាលត្រឡោក ផ្សោតឥតព្រុយខ្នង )និងផ្សោតដទៃ​ផ្សេងៗ​ទៀត។នៅសមុទ្រកម្ពុជាតាមពិតមានផ្សោត និង ថនិកសត្វទឹក ផ្សេងៗ រហូតដល់១៦ប្រភេទឯណោះក្នុងនោះរាប់ទាំងជ្រូកទឹក ត្រីបាឡែនផងដែរ។
លោកបានបញ្ជាក់បន្ថែមថាសត្វផ្សោតដែលជាថនិកសត្វមានរស់នៅតាមបណ្តោយឆ្នេរនៅកម្ពុជាទាំងអស់​ពិសេសនៅ​ខេត្កកោះកុង ខណៈកាលពីមុនមកគេដឹងទេថា មាននៅកែប នៅខេត្តកំពត។ របកគំហើញនេះពិតជាផ្តល់សារៈសំខាន់​សម្រាប់កម្ពុជា​៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា