កម្ពុជាប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅតំបន់បឹងទន្លេសាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅតំបន់បឹងទន្លេសាប

កម្ពុជាប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅតំបន់បឹងទន្លេសាប

ក្នុងឱកាសនៃទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI បានចេញសេចក្តីប្រកាសរួមមួយស្តីពីការប្រទះឃើញជាថ្មីម្តងទៀត នូវសត្វខ្លាត្រីមួយក្បាល នៅក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលបានស្ដារឡើងវិញ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ខ្លាត្រីនេះត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីពាក់កណ្តាលឆ្នាំ២០២៥។

Advertisement

នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយអង្គការ CI។

យោងតាមអង្គការ CI កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិចតួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរនៃការរកឃើញសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ដែលជាក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវថនិកសត្វប្រភេទនេះ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយ ដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។

ចំណែកឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានវិញ យល់ឃើញថា ការប្រទះឃើញខ្លាត្រីនេះ គឺភស្តុតាងបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។

សត្វខ្លាត្រីមានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។

សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមាឌធំជាឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។ ខ្លាត្រីមានរូបរាងវាងាយច្រលំនឹងឆ្មារដាវ។ សត្វខ្លាត្រីប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។

នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រីពុំសូវមានច្រើននោះទេ ដោយគេ ឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួន ដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោងកាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។

ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង ១ ០០០ហិកតា នៅជុំវិញបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើក ទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់ នៅរបស់សហគមន៍ក្នុងតំបន់ជាដើម៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា