កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅចិនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅចិនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ
នយោបាយ 03/02/2026

កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅចិនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ

នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ កម្ពុជារំពឹងថានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ ខណៈអ្នកជំនួញកម្ពុជា–ចិន កំពុងជំរុញឱ្យដំណើរការនាំចេញនេះអាចប្រព្រឹត្តទៅបានឆាប់រហ័ស។

Advertisement

បច្ចុប្បន្ន នៅកម្ពុជា ផ្ទះចិញ្ចឹមត្រចៀកកាំប្រមាណជិត ១ ០០០ កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការដោយផ្ទាល់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦នេះ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ AMS ថា សំបុកត្រចៀកកាំរបស់កម្ពុជាមានគុណភាពល្អ ប៉ុន្តែទីផ្សារចិនតម្រូវឱ្យផ្ទះចិញ្ចឹម និងក្រុមហ៊ុននាំចេញ ត្រូវចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ ព្រមទាំងគោរពបរិមាណនាំចេញដែលបានកំណត់ច្បាស់លាស់។

បច្ចុប្បន្ន តម្លៃសំបុកត្រចៀកកាំមានភាពល្អប្រសើរ ដោយសំបុកល្អលេខ១ មានតម្លៃប្រមាណ ៤៥០ ដល់ ៥០០ ដុល្លារក្នុងមួយគីឡូក្រាម ខណៈសំបុកគុណភាពលេខ២មានតម្លៃប្រមាណពី២៨០ ទៅ៣២០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានកើនឡើងដោយសារមានតម្រូវការខ្ពស់ ជាពិសេសក្នុងរដូវបុណ្យចូលឆ្នាំចិន។

សមាគមត្រចៀកកាំកម្ពុជាប៉ាន់ស្មានថា កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោនក្នុងមួយឆ្នាំ។ កន្លងមក ផលិតកម្មសំបុកត្រចៀកកាំភាគច្រើន គឺនៅខេត្តជាប់មាត់សមុទ្រ ដូចជាកំពត និងកោះកុង ប៉ុន្តែបច្ចុប្បន្ន តំបន់ផលិតបានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រមានការសាងសង់ច្រើនលើសលប់។

សូមបញ្ជាក់ថា កាលពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំមុន អគ្គនាយកដ្ឋានគយចិនបានចេញសេចក្តីជូនដំណឹងអំពីការអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចនាំសំបុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូល ទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។ ប៉ុន្តែ ការនាំចេញនេះចាំបាច់ត្រូវគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាពត្រឹមត្រូវ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា