អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ

អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់អំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Advertisement

អ្នកនាំពាក្យបន្តថា ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការការពារទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិ និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស ក៏ដូចជាពលរដ្ឋភៀសសឹក។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានាឱ្យបានជាក់លាក់ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព។

ទន្ទឹមគ្នានោះ ការដោះស្រាយជូនពលរដ្ឋភៀសសឹកត្រូវបានធ្វើឡើងយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ។ ជាក់ស្តែង ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងប្រជាពលរដ្ឋពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តួមពីសំណាក់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។

ចំណែកប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់បីគឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជាសេវាទូរគមនាគមន៍ ទឹកនិងភ្លើងអគ្គិសនីជាដើម។

ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាក៏បានតវ៉ាជាបន្តបន្ទាប់ប្រឆាំងរាល់សកម្មភាពរំលោភបំពាននានានៅក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់ស្តែង ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក និងការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) របស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត ២០០លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា