ម៉ាស៊ីនថតស្វ័យប្រវត្តិកត់ត្រាវត្តមានសត្វកម្រ៤២ប្រភេទក្នុងឧទ្យានជាតិវីរជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ាស៊ីនថតស្វ័យប្រវត្តិកត់ត្រាវត្តមានសត្វកម្រ៤២ប្រភេទក្នុងឧទ្យានជាតិវីរជ័យ

ម៉ាស៊ីនថតស្វ័យប្រវត្តិកត់ត្រាវត្តមានសត្វកម្រ៤២ប្រភេទក្នុងឧទ្យានជាតិវីរជ័យ

ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើនកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ នៅភាគឦសាននៃប្រទេសកម្ពុជា។

Advertisement

យោងតាមសេចក្តីប្រកាស នៅថ្ងៃទី ១១ ខែកុម្ភៈនេះ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) មន្ទីរបរិស្ថានខេត្តរតនគីរី ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ និងជនជាតិដើមភាគតិច បានរកឃើញវត្តមានសត្វព្រៃសំខាន់ៗចំនួន ៤២ ប្រភេទនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យនេះ។

ក្នុងចំណោមនោះ រួមមានថនិកសត្វចំនួន ៣២ ប្រភេទ បក្សីចំនួន ៩ ប្រភេទ និងសត្វល្មួនចំនួន ១ ប្រភេទ។
ក្នុងចំណោមសត្វដែលបានរកឃើញ មានសត្វចំនួន ២ ប្រភេទកំពុងស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង ១៣ប្រភេទទៀតជាសត្វងាយរងគ្រោះ។

លើសពីនេះទៀត មានប្រភេទសត្វកម្រសំខាន់ៗជាច្រើន ដូចជា ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ឧទ្យានជាតិវីរជ័យ គឺជាតំបន់ដ៏មានសារ:សំខាន់ សម្រាប់ជាជម្រករបស់ប្រភេទសត្វជាច្រើន។ ឯកឧត្តមមើលឃើញថា ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹង ដែលមានតម្លៃក្នុងការជំរុញការការពារព្រៃឈើ និងសត្វព្រៃទាំងនេះ ជាពិសេសជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ។

លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា ទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិនេះ មិនត្រឹមតែជួយឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងឧទ្យានជាតិវីរជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹងសំខាន់ៗអំពីអាកប្បកិរិយា ការរស់នៅតាមស្ថានភាពសណ្ឋានដី និងរបៀបដែលពួកវាសម្របខ្លួនទៅនឹងវត្តមានរបស់មនុស្សនៅក្នុងតំបន់នោះផងដែរ។

សូមជម្រាបថា គោលបំណងចម្បងនៃការសិក្សានេះ គឺដើម្បីពង្រឹងការងារអភិរក្សនៅតំបន់សំខាន់ៗ ដោយផ្សារភ្ជាប់ការការពារសត្វព្រៃទៅនឹងការយល់ដឹងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន។ ទោះបីជាសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ ប៉ុន្តែពួកគេក៏ជួបប្រទះបញ្ហាប្រឈមក្នុងជីវភាពផងដែរ។ ដូច្នេះ ការបង្កើតតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍមូលដ្ឋាន គឺជាកត្តាចាំបាច់បំផុតសម្រាប់ធានានូវចីរភាពនៃប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចសង្គម៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា