ជំរុញការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យធានាគារ និងហិរញ្ញវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំរុញការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យធានាគារ និងហិរញ្ញវត្ថុ

ជំរុញការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យធានាគារ និងហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី។

Advertisement

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើទ្បើងដើម្បីដោះស្រាយនូវបញ្ហាប្រឈមរបស់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងនីតិវិធី និងប្រព័ន្ធឌីជីថលថ្មីៗនៃសេវារបស់ក្រសួងរៀបចំដែនដី ក៏ដូចជាការផ្ទៀងផ្ទាត់កម្មសិទ្ធិប្លង់ និងព័ត៌មានសុរិយោដី។ បញ្ហាប្រឈមផ្សេងទៀតដែលត្រូវដោះស្រាយ មានដូចជា៖ ការពន្យារពេលក្នុងដំណើរការផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីហ៊ីប៉ូតែក ព្រមទាំងការបកស្រាយឯកសារ និងលក្ខខណ្ឌនីតិវិធីមិនមានសមភាពគ្នារវាងមន្ត្រីនីមួយៗ ។ល។

លោកជំទាវ ឌិត នីតា សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពសិក្ខាកាមលើប្រព័ន្ធឌីជីថល នីតិវិធី និងស្តង់ដារអនុវត្តរួម ហើយជួយកាត់បន្ថយហានិភ័យ បង្កើនភាពត្រឹមត្រូវ និងពង្រឹងទំនុកចិត្តក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ លើសពីនេះទៀត ការផ្តួចផ្តើមនេះ គឺជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងការសម្របខ្លួនទៅនឹងទំនើបកម្មឌីជីថលរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយភាពស្មុគស្មាញផ្សេងៗ។

ការបណ្តុះបណ្តាលនេះក៏ជាវេទិកាសិក្សាប្តូរបទពិសោធន៍ និងទទួលបានការបញ្ជាក់ផ្ទាល់ពីមន្ត្រីជំនាញ ដែលអនុញ្ញាតឲ្យបុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុ យល់ដឹងកាន់តែច្បាស់លាស់ពីសេវាសុរិយោដី សេវាសំណង់ ការចុះបញ្ជីហ៊ីប៉ូតែក ការត្រួតពិនិត្យព័ត៌មានអនឡាញ និងនីតិវិធីពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ស្តង់ដារប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ចំណែកលោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ពីទំនើបកម្មឌីជីថលរបស់ក្រសួងរៀបចំដែនដី ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវានានាបានដោយគាប់ចិត្ត កាន់តែងាយស្រួល រហ័ស និងមានតម្លាភាព។ សេវាទាំងនោះមានដូចជា សេវាសុរិយោដី សំណង់ ការផ្តល់អាជ្ញាប័ណ្ណ ការថតចម្លងឯកសារប្លង់ និងសេវាពិគ្រោះយោបល់ជាដើម ដែលអាចស្នើសុំបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជារួម ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យឌីជីថលនេះអាចសម្រាលបន្ទុក និងដោះបញ្ហាស្មុគ្រស្មាញជាច្រើន ដែលជាការឆ្លើយតបយ៉ាងជាក់ស្តែងចំពោះយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧៕

អត្ថបទ ៖ ហេង វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា