សហគមន៍អន្តរជាតិថា ជនភៀសសឹកកម្ពុជាមិនស្ថិតនៅឯកោទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍អន្តរជាតិថា ជនភៀសសឹកកម្ពុជាមិនស្ថិតនៅឯកោទេ

សហគមន៍អន្តរជាតិថា ជនភៀសសឹកកម្ពុជាមិនស្ថិតនៅឯកោទេ

ភ្នំពេញ៖អ្នកការទូតបរទេសនៅកម្ពុជា «បានផ្តល់ការគាំទ្រ និងការ​លើកទឹកចិត្ត» ដល់ជនភៀសសឹកកម្ពុជា ដែលកំពុង​រស់នៅជំរុំសុវត្ថិភាព ដោយអះអាងថា សហគមន៍អន្តរជាតិនឹងស្ថិតនៅជាមួយពួកគេ។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងក្នុងសន្និសីទ​ប្រចាំថ្ងៃនៅថ្ងៃពុធនេះ ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប រួមជាមួយ​តំណាង​អង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹក​ក្នុងខេត្តបន្ទាយមានជ័យ កាលពី​សប្តាហ៍​កន្លងទៅ និងបានសម្តែងក្តី​អាណិតអាសូរចំពោះពួកគេហើយបានផ្តល់ការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំង​ដល់ពួកគេ។

បើតាម ឯកឧត្តម អ្នកនាំពាក្យរដ្ឋាភិបាល អ្នកការទូតដដែលបានអះអាង​ថា ពលរដ្ឋភៀសសឹកទាំងនោះ មិនស្ថិតនៅឯកោ​ឡើយ «ពោលគឺ​សហភាព​​អឺរ៉ុបនៅជាមួយនិងជួយគាំទ្រពួកគេជានិច្ច»។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកជាង៨ម៉ឺននាក់​បន្តរស់នៅក្នុងជំរំ​សុវត្ថិភាព។ក្នុងនោះកុមាររាប់ពាន់នាក់មិនទាន់អាចត្រឡប់ទៅសាលារៀនវិញបាននៅឡើយ។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា ប្រជាពលរដ្ឋភៀសសឹកដែល​កំពុង​បន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពដោយ​សារ​ផ្ទះរបស់ពួកគេ​ត្រូវបាន យោធាថៃព័ទ្ធរបងលួសនិងដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យពលរដ្ឋ​ខ្មែរចូលទៅបាន។

ក្នុងសង្គ្រាមដែលគេដឹងថាបង្កដោយឈ្លានពានរបស់ប្រទេសថៃរយៈពេល២១ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥ បង្ខំឱ្យ​ប្រជា​ពលរដ្ឋ​​កម្ពុជាជាង​៦៤​ម៉ឺននាក់ រត់គេចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព។

អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែល លើកឡើងថា ក្នុងគ្រាដែលពលរដ្ឋ​ខ្មែរមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន បណ្តា​អង្គទូត អង្គការ​អន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាជាច្រើន បាននចុះទៅ​ជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់​ការគាំទ្រទាំងសម្ភារៈ និងស្មារតី។

កាលពីថ្ងៃទី១០ ខែកុម្ភៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ជំនួយ៥០ម៉ឺន​ដុល្លារដើម្បីជួយដល់កុមារ និងគ្រួសារដែលរង​ផលប៉ះពាល់ដោយសារ​ជម្លោះព្រំដែនកម្ពុជា និងថៃ។ ថវិកានេះត្រូវបានអង្កការយូនីសេហ្វ​ប្រចាំ​នៅកម្ពុជា យកទៅជួយ​ដល់ពលរដ្ឋរងគ្រោះលើការស្តារការសិក្សាឡើង​វិញ​របស់កុមារ ផ្តល់សេវាទឹកស្អាត អនាម័យនៅតាមសាលារៀន និង​សេវាគាំពារចាំបាច់នានា។

ឯកឧត្តម គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានលើកឡើងថា ក្នុងគ្រាដ៏លំបាកនេះ​សាធារណរដ្ឋកូរ៉េឈរនៅជាមួយប្រជាជនកម្ពុជាជានិច្ច៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា