អ្នកអភិរក្សមានការព្រួយបារម្ភបន្ទាប់ពីសត្វទន្សោងត្រូវបានសម្លាប់ជាបន្តបន្ទាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអភិរក្សមានការព្រួយបារម្ភបន្ទាប់ពីសត្វទន្សោងត្រូវបានសម្លាប់ជាបន្តបន្ទាប់

អ្នកអភិរក្សមានការព្រួយបារម្ភបន្ទាប់ពីសត្វទន្សោងត្រូវបានសម្លាប់ជាបន្តបន្ទាប់

អាជ្ញាធរមូលដ្ឋាន និងសហគមន៍កំពុងដុតដៃដុតជើង ស្វះស្វែងតាមចាប់ជនល្មើសដែលបានដាក់អន្ទាក់ឆក់សម្លាប់សត្វទន្សោងចំនួន២ក្បាល នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

Advertisement

សត្វទន្សោងរងគ្រោះ ដែលមានញីមួយក្បាលមានកូនក្នុងពោះ និងឈ្មោលមួយក្បាល ត្រូវបានជនល្មើសប្រើអន្ទាក់ឆក់បណ្តាលឱ្យបាត់បង់ជីវិតជាបន្តបន្ទាប់ កាលពីថ្ងៃទី១ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ករណីនេះបានបង្កការសោកស្តាយយ៉ាងខ្លាំងចំពោះសហគមន៍ និងអ្នកអភិរក្សធម្មជាតិ និងសត្វព្រៃ។

លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានប្រាប់ AMS ថា ករណីបាត់បង់ជីវិតសត្វទន្សោងនេះ គឺជារឿងគួរឱ្យសោកស្តាយបំផុត ខណៈសហគមន៍កំពុងពង្រឹងការល្បាតទាំងថ្ងៃ និងយប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការប្រមាញ់សត្វព្រៃ។ លោកបន្ថែមថា បច្ចុប្បន្ន សត្វទន្សោងនៅក្នុងសហគមន៍មានប្រមាណជាង១០០ក្បាល ហើយនៅរដូវប្រាំង សត្វភាគច្រើនចេញពីព្រៃទៅរកស៊ីតាមចំការអំពៅ និងក្បែរភូមិ ដែលបង្កើនហានិភ័យប្រឈមមុខនឹងជនល្មើស។

មិនត្រឹមតែនៅខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ករណីសម្លាប់សត្វទន្សោងក៏ត្រូវបានរាយការណ៍ថា បានកើតឡើងនៅសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យផងដែរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្លាប់សត្វព្រៃដ៏កម្រនេះ និងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋរួមគ្នាការពារឱ្យបានតឹងរឹង ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់អន្ទាក់សត្វព្រៃ ដែលជាបទល្មើសផ្ទុយនឹងច្បាប់ ហើយអំពាវនាវឱ្យសមត្ថកិច្ចស្វែងរកជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ អភិរក្សសត្វព្រៃ និងបង្កើនគម្របបៃតង ដើម្បីគាំទ្រការអភិវឌ្ឍន៍បៃតង និងទេសចរណ៍ធម្មជាតិ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សត្វទន្សោងចំនួន៩ក្បាលត្រូវបានអាជ្ញាធរកៀងចេញពីតំបន់ហានិភ័យខ្ពស់ ហើយយកទៅលែងនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយសុវត្ថិភាព៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា