រយៈពេល៣៣ឆ្នាំ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីទំហំជាង ៣ ៥០០ គ.ម២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល៣៣ឆ្នាំ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីទំហំជាង ៣ ៥០០ គ.ម២

រយៈពេល៣៣ឆ្នាំ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីទំហំជាង ៣ ៥០០ គ.ម២

ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។

Advertisement

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមនយោបាយ ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។

រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំជាង ៣ ៥០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨% ហេដ្ឋារចនាសម្ព័ន្ធមាន៥% និងផ្សេងៗទៀតមាន ១៧% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។

មីនប្រឆាំងមនុស្សចំនួនជាង ១លាន ២សែនគ្រាប់ មីនប្រឆាំងរថក្រោះ ចំនួនជាង ២មឺន ៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៣លាន ២សែនគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំណែកចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥។ សម្តេចធិបតីបានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដើរតួនាទីសំខាន់លើឆាកអន្តរជាតិក្នុងវិស័យសកម្មភាពមីន។

ជាអកុសល ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងៗទៀតជាច្រើន ក្នុងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ កត្តានេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជា មួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

ក្នុងន័យនេះ សម្តេចធិបតីបានផ្តល់អនុសាសន៍ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ នៅតាមសាលារៀន វត្តអារាម និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបានស្នើអាជ្ញាធរមីន សហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន បន្តការស្រាវជ្រាវ និងបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពសម្រាប់សម្រាប់ធ្វើស្រែចម្ការ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជននានា សូមសហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា