អ្នកការទូតបរទេសចុះទៅពិនិត្យទីតាំង ដែលយោធាថៃទន្រ្ទានកាន់កាប់នៅបន្ទាយមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកការទូតបរទេសចុះទៅពិនិត្យទីតាំង ដែលយោធាថៃទន្រ្ទានកាន់កាប់នៅបន្ទាយមានជ័យ

អ្នកការទូតបរទេសចុះទៅពិនិត្យទីតាំង ដែលយោធាថៃទន្រ្ទានកាន់កាប់នៅបន្ទាយមានជ័យ

បណ្តាអង្គទូតចំនួន២៣ប្រទេស និងអង្គការអន្តរជាតិចំនួន២ទៀត ប្រចាំនៅកម្ពុជា បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន កាលពីថ្ងៃទី២៣កុម្ភៈ ដើម្បីពិនិត្យមើលជាក់ស្តែង ទីតាំងដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយលួសបន្លា បំពានកាន់កាប់ ដោយខុសច្បាប់។

Advertisement

អាន៖ ដំណើរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃបំពានមកលើទឹកដីកម្ពុជានៅខេត្តបន្ទាយមានជ័យនេះ រៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោធាថៃបានរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប ១ ០២៦ហិកតា និង បានបន្តរំកិលបំពានកាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋជាជនស៊ីវិល ដោយការហ៊ុព័ទ្ធលួសបន្លា និងទូរកុងតឺន័រ។

ឯកឧត្តម អ៊ុ រាត្រី បានរៀបរាប់ថា នៅភូមិជោគជ័យយោធាថៃ បានដាក់ទូកុងតឺន័រ ចំនួន៤ទីតាំង សរុប១៦កុងតឺន័រ ដោយរំលោភបំពានកាន់កាប់ផ្ទៃដីជិត៤០០ហិកតា។ ចំណែកភូមិព្រៃចាន់ យោធាឈ្លានពានបានបន្តរំលោភបំពានកាន់កាប់លើផ្ទៃដី៤២ហិកតា ដោយការដាក់ទូកុងតឺន័រចំនួន៣ទីតាំង សរុប៦៣កុងតឺន័រ។ ដោយឡែក នៅតំបន់បឹងត្រកួន ដែលមាន៤ភូមិ យោធាថៃបន្តរំលោភបំពានកាន់កាប់លើផ្ទៃដី៥៨៤ហិកតា ដោយការដាក់ទូកុងតឺន័រចំនួន១៣ទីតាំង។

ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

តែផ្ទុយទៅវិញ កងកម្លាំងយោធាថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ។ កម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយបានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងយ៉ាងដាច់អហង្ការ នឹងសកម្មភាពទាំងនេះ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង។

សូមបញ្ជាក់ថា បណ្តាអង្គទូតទាំង២៣ប្រទេស ដែលបានចូលរួមក្នុងដំណើរការត្រួតពិនិត្យស្ថានភាពតាមព្រំដែននេះមាន ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡៃស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ និងឥណ្ឌា ជាដើម រីឯអង្គការអន្តរជាតិចំនួន២ទៀត គឺអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា