លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ

Advertisement

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទ​ក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញ​បេសកកម្ម​មនុស្ស​ធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងនូវ​ការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហម​កម្ពុជានៅ​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្ត​សៀមរាប និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្ម​មនុស្សធម៌​ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌល​សុវត្ថិភាព។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ គ្រឿងឧបភោគ​បរិភោគ ដើម្បីជួយសម្រាលការលំបាកជីវភាពប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងបូរណដែនខេត្តរបស់ខ្លួនផងដែរ។

លោកជំទាវបណ្ឌិត ក៏បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ យើងជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ក៏ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរយើងមានស្មារតីសាមគ្គីជាតិខ្មែរតែមួយ ដ៏រឹងមាំ​ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ ក្នុងនោះយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយវេចខ្ចប់ គ្រឿងឧបភោគបរិភោគ ចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគឺកម្លាំងចិត្ត ដែលជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការចូលរួមចំណែក​ការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលការលំបាករបស់គ្រួសារភៀសសឹក គ្រួសារវីរកងទ័ព វីរយុទ្ធជនរបួស និងពលី តាមវប្បធម៌ ប្រពៃណីខ្មែរ “ជួយគ្នា ក្នុងគ្រាក្រ”។

លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវទស្សនៈវិស័យ និងអនុសាសន៍លើទិសដៅការងារបន្ត ដែលចាំបាច់ណាស់ត្រូវមានការចូលរួម​គាំទ្រពីគណៈកម្មាធិការសាខា និងគណៈកិត្តិយសក្លឹប គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សា លើកិច្ចការសំខាន់ៗ សម្រាប់ការងារយុវជនកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ៖ ១. សូមបន្តពង្រឹងគុណភាព និងស្តង់ដាក្លឹបយុវជន, ២. លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញសតវត្សទី២១, ៣. ពង្រីក និងធានានិរន្តភាពសកម្មភាព “មិត្ត-ជួយ-មិត្ត” និង “មិត្ត-អប់រំ-មិត្ត”, ៤. បន្ត និងបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល, ៥. បង្កើនការលើកទឹកចិត្ត និងការទទួលស្គាល់ស្នាដៃការងារយុវជនស្ម័គ្រចិត្ត, និង៦. ត្រូវពង្រឹងការអនុវត្តអនុស្សរណៈយោគយល់រវាងកាកបាទក្រហមកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តឱ្យបានទៀងទាត់។

ទន្ទឹមនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ ដែលជាប្រធានគណៈកម្មាធិការសាខា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សូមបន្តការជួយជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា និងក្លឹបយុវជនក្នុងការអភិវឌ្ឍកម្លាំងយុវជននៅតាមគ្រឹះស្ថានសិក្សា អ្នកស្ម័គ្រចិត្តនៅភូមិ/ឃុំ/សង្កាត់ ដើម្បីជម្នះរាល់ការលំបាក ក្នុងការកសាងបានភាពធន់ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព ៕



ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា