FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍

FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានប្រកាសប្រឆាំងនឹងបណ្តាញឆបោកខ្នាតធំ នៅអាស៊ីអាគ្នេយ៍ ដោយអះអាងថា នឹងតាមកម្ទេចឱ្យដល់សំបុក ទោះបីជាក្រុមឧក្រិដ្ឋជនទាំងនោះព្យាយាមប្រើប្រាស់ព្រំដែន សម្រាប់ជ្រក​កោនក៏ដោយ។

Advertisement

យោងតាមសារព័ត៌មាន TRT World លោក Scott Schelble អនុប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI បានបង្ហាញ​ជំហរម៉ឺងម៉ាត់បំផុត បន្ទាប់ពីលោកបានចុះពិនិត្យមជ្ឈមណ្ឌលឆបោកដោយផ្ទាល់នៅក្នុងប្រទេសថៃ កម្ពុជា និងវៀតណាម។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តដឹកនាំការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនចិន ដែលបង្កើតការ​ចំណេញ​រាប់ពាន់លានដុល្លារពីការបោកប្រាស់ជនជាតិអាម៉េរិកជារៀងរាល់ថ្ងៃ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារនេះ លោក Schelble លើកឡើងថា ក្រុមឧក្រិដ្ឋជនទាំងនេះប្រតិបត្តិការយ៉ាងទំនើប ដោយឆ្លៀតឱកាសពីចន្លោះប្រហោងនៃច្បាប់បច្ចេកវិទ្យា ដើម្បីកេងប្រវ័ញ្ចលើមនុស្សងាយរងគ្រោះ និងបង្កឱ្យមានការរំលោភ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើពលកម្មជាដើម។

ប្រភពដដែលបានគូសបញ្ជាក់ថា បច្ចុប្បន្ន FBI បានដាក់ពង្រាយភ្នាក់ងារឱ្យធ្វើការជាមួយប៉ូលីសថៃ លើក្រុមការងាររួម​ប្រឆាំងនឹង​ការឆបោក ដែលបានបង្អាក់បណ្តាញជាច្រើន កំណត់អត្តសញ្ញាណជនរងគ្រោះ និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុដែលគាំទ្រសកម្មភាពទាំងនេះ។

លោកបានលើកឡើងថា FBI ក៏ធ្លាប់បានសហការជាមួយប៉ូលីសកម្ពុជានាពេលកន្លងមក ដើម្បីសហការបោសសម្អាតសំបុក​ឆបោក​នៅក្នុងស្រុក ហើយសង្ឃឹមថា នឹងមានកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសវៀតណាមផងដែរ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្រិតនៃការរំលោភបំពានក្នុងសំបុកឆបោកទាំងនោះ គឺមានភាពរន្ធត់ខ្លាំង រួមមានទាំងការរំលោភផ្លូវភេទ និងការជួញដូរមនុស្ស ដែលទាមទារឱ្យមានការអន្តរាគមន៍តាមផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់​បំផុត៕


ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា