អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី

អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃពុធនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនឈរនៅជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការដោះស្រាយ​ជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ជាពិសេសដើម្បីជំរុញនូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

Advertisement

យោងតាមសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំប្រទេសហ្វីលីពីន ដែល​ជាប្រទេសប្រធានអាស៊ានប្តូរវេន បានឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តជំរុញសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន​រវាងកម្ពុជា និងថៃ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាអតីតប្រធានអាស៊ានប្ដូរវេន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។

បើតាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយប្រទេសកម្ពុជា-ថៃ យល់ព្រមអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក យោធាថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា ពិសេសក្នុងភូមិ សាស្ត្រខេត្តបន្ទាយមានជ័យ​ដែលមានទំហំរហូតដល់ជិត ៨០០ហិកតា។

ឯកឧត្តម បានរៀបរាប់ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិកាលពីថ្ងៃចន្ទ ថា យោធាថៃ បានធ្វើលេណដ្ឋានថ្មី និងកសាងទីតាំង​ឈរ​ជើងយ៉ាងរឹងមាំ។

គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជម្លោះព្រំដែនកម្ពុជា-ថៃ មានរយៈពេល ៧ខែគត់ ហើយបើទោះបី មានការសម្រប​សម្រួលជាបន្តបន្ទាប់ពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម ប៉ុន្តែ ជម្លោះនេះ នៅតែមានភាពស្មុគស្មាញ​នៅឡើយ។ មេដឹកនាំប្រទេសទាំងពីរបានទទួលស្គាល់ថា កិច្ចព្រមព្រៀងឈប់បាញ់នៅមានភាពផុយស្រួយ។

លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ថា ហ្វីលីពីន នៅតែបន្ដគាំទ្របទ​ឈប់បាញ់រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី។ ហើយហ្វ៊ីលីពីនដែលជាប្រធានប្តូរវេនអាស៊ាន បានពិគ្រោះ​យោបល់ជាមួយប្រទេសទាំងពីរ ដើម្បីថែរក្សាបទឈប់បាញ់សម្រាប់សន្តិភាពយូរអង្វែង។

យោងតាមក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ មានពលរដ្ឋកម្ពុជា ជាង ៦៥.០០០នាក់ មិនទាន់អាចវិលត្រឡប់​ទៅផ្ទះរបស់​ពួកគេនៅឡើយ បន្ទាប់ពីកងយោធាថៃចូលទន្រ្ទានទឹកដីកម្ពុជាចំនួន ១៤ទីតាំងនៅតាមតំបន់ព្រំដែន៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា