កិច្ចប្រជុំលើកទី៤២ របស់អាយឆា៖ កម្ពុជាលើកឡើងអំពីការវាយប្រហាររបស់យោធាថៃ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំលើកទី៤២ របស់អាយឆា៖ កម្ពុជាលើកឡើងអំពីការវាយប្រហាររបស់យោធាថៃ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹក

កិច្ចប្រជុំលើកទី៤២ របស់អាយឆា៖ កម្ពុជាលើកឡើងអំពីការវាយប្រហាររបស់យោធាថៃ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹក

ក្នុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នាថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបដល់អង្គប្រជុំអំពីការវាយប្រហារជាលើកទីពីររបសើយោធាថៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបាន ធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ទៀត ភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

Advertisement

តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំអាយឆា ឯកឧត្តម ស៊ាង ចិន្តា សមាជិក គ.ស.ម.ក. បានដឹកនាំក្រុមការងារអាយឆាកម្ពុជា ចូលរួមកិច្ចប្រជុំនេះ បានគូបញ្ជាក់បន្ថែមថា ឧបសគ្គដែលរារាំងដល់ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្តេជ្ញាចិត្តដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើសារយ៉ាងច្បាស់និងម៉ឺងម៉ាត់បំផុតថា៖ “កម្ពុជា មិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះទេ”។ ជាក់ស្តែង ប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាច្រើន ករណី ក្នុងនោះមានជនល្មើសចម្រុះជាតិសាសន៍ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ជាធរមាន រួមទាំងមានការបណ្តេញ ជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ចេញពីប្រទេស។ ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការយ៉ាងល្អ ជាមួយបណ្តាប្រទេសនិងអង្គការនានាទាំងក្នុងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជាក៏កំពុង រៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើសនេះទាំងស្រុងចេញពីប្រទេស។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីរបៀបរបបការងាររបស់អាយឆា ក៏ដូចជា ទំនាក់ទំនងរវាងអាយឆា និងអង្គការសង្គមស៊ីវិល ស្ថាប័នតាមវិស័យរបស់អាស៊ាន ព្រមទាំងដៃគូខាងក្រៅ។ ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវ ការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ បានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា