អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ

អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃនេះ រយៈពេលពីរខែបានកន្លងផុតទៅហើយ។ បទឈប់បាញ់នេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។

Advertisement

ឯកឧត្តម ប៉ែន បូណា បានបន្តថា សម្រាប់សម្តេចធិបតី នាយករដ្ឋមន្ត្រី កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់ និងការទទួលយកបទឈប់បាញ់ សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានជាធរមាន ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។

អាចនិយាយបានថា បទឈប់បាញ់ គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាតផ្សេងទៀតដែលកើតចេញពីការប្រយុទ្ធគ្នាដោយអាវុធ ពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់យ៉ាងច្បាស់នូវរសជាតិសង្គ្រាម។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

អ្នកនាំពាក្យបន្តទៀតថា ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ និងយោងស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជា១៨នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសឹកជាង៩២% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកទល់ថ្ងៃនេះ។ ប៉ុន្តែនៅសល់ជនភៀសសឹកជាច្រើនម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។

ប្រឈមមុខចំពោះការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងពីសំណាក់កងកម្លាំងថៃ ហើយបាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួម ដែលចែងថា «រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន…»។

ក្នុងន័យនេះ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើង ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋ។ ជាក់ស្តែងដំណើរបេសកកម្មការទូតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប គឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្ម ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សហគមន៍អន្តរជាតិបានទទួលព័ត៌មានពិតយ៉ាងទូលំទូលាយស្តីពីការចូលកាន់កាប់ទឹកដីកម្ពុជាដោយសខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងបានយល់ច្បាស់ពីជំហររបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា