រាជរដ្ឋាភិបាលកំពុងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ និងបឹងទន្លេសាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលកំពុងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ និងបឹងទន្លេសាប

រាជរដ្ឋាភិបាលកំពុងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ និងបឹងទន្លេសាប

កិច្ចប្រជុំអន្តរក្រសួងមួយត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ និងសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំ នៅតំបន់ជុំវិញបឹងទន្លេសាប។

Advertisement

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លី និងការផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាមួយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកំណត់លក្ខខណ្ឌទាំងនេះថា​ជាដំណើរមួយឆ្ពោះទៅរកការរៀបចំប្រទេសជាតិឱ្យបានល្អប្រសើរ ព្រមទាំងចូលរួមលើកស្ទួយនិរន្តរភាពវិស័យទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍នៅខេត្តសៀមរាប។ វិធានការនេះក៏នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានដំណើរការល្អផងដែរ ស្របពេលដែលពិភពលោកកំពុងមានភាពវឹកវរ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា គោលបំណងនៃការកំណត់លក្ខខណ្ឌនានា នៅតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ គឺម៉្យាង ដើម្បីថែរក្សាមរតកដូនតាខ្មែរ និងម៉្យាងទៀត ដើម្បីជួយលើកស្ទួយជីវភាពអ្នកស្រុកអង្គរឲ្យប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើយ៉ាងណាជៀសវាងកុំឱ្យលក្ខខណ្ឌដែលបានកំណត់ទាំងនោះ ប្រែក្លាយទៅជាគំនាបកៀបសង្កត់ពួកគាត់ទៅវិញ។

ដោយឡែក ចំពោះការរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប គឺមានគោលដៅធានាបាននូវនិរន្តរភាពបឹងទន្លេសាប ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាជង្រុកស្រូវ ជម្រកត្រី និងធនធានទឹក។ ដូច្នេះគប្បីកុំគិតតែពីការធ្វើស្រែតែម្យ៉ាង ប៉ុន្តែត្រូវគិតគូរពីគុណតម្លៃនៃសេដ្ឋកិច្ច ដោយពង្រីកការធ្វើកសិកម្មចម្រុះ ចិញ្ចឹមត្រី និងពិនិត្យលើការកសាងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗផងដែរ៕

អត្ថបទ ៖ ហេង វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា