ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នារៀបចំសិក្ខាសាលាមួយស្ដីពីការអភិវឌ្ឍភូមិនៅកម្ពុជា ក្នុងគោលដៅរួមគ្នារៀបចំស្រុកទេស កសាងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសអភិវឌ្ឍន៍ភូមិឋានពលរដ្ឋ ដោយផ្អែកលើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម។ គោលបំណងសំខាន់ គឺធ្វើយ៉ាងណាប្រែក្លាយភូមិឋានឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។

Advertisement

នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ គឺផ្ដោតលើប្រធានបទចំនួន ៥ ក្នុងនោះមានការអភិវឌ្ឍភូមិគំរូ, ការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា, ករណីសិក្សាការអភិវឌ្ឍជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង, លំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ
និងទស្សនទានឆ្ពោះទៅការរៀបចំបុរីជនបទ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នៅក្នុងការរៀបចំនគរូបនីយកម្ម ការកសាងភូមិ ឃុំ ស្រុក គឺត្រូវគិតគូរអភិវឌ្ឍន៍ឱ្យប្រែក្លាយទៅជាបុរីជនបទ ដោយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ឱ្យបានគ្រប់គ្រាន់រួមមាន ទឹកស្អាត អគ្គិសនី ផ្លូវ ជាដើម។

ជាងនេះទៅទៀត គឺត្រូវលើកកម្ពស់គោលការណ៍ភូមិឋានក្សេមក្សាន្ត មានន័យថា ត្រូវធ្វើយ៉ាងណាឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន ល្បែងស៊ីសង គ្មានក្មេងទំនើង និងអំពើចោរកម្មផ្សេងៗ, ពោលគឺប្រែក្លាយភូមិឋានឲ្យទៅជាភូមិ ដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី គុណតម្លៃនៅក្នុងសង្គម, ហើយអ្នកភូមិត្រូវចេះជួយយកអាសារគ្នា និងចេះគោរពគ្នាទៅវិញទៅមក។

ចំណុចសំខាន់មួយទៀត គឺត្រូវកសាងទ្រនំសុភមង្គល : គឺធ្វើយ៉ាងណាឱ្យមនុស្សរស់ក្រោមដំបូលតែមួយ មានទំនាក់ទំនងល្អក្នុងក្រុមគ្រួសារ, និងរស់នៅប្រកបដោយភាពសុខដុមរមនា។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ តែងតែធ្វើកិច្ចសហការគ្នាយ៉ាងស្អិតរមួត។ ការរៀបចំសិក្ខាសាលានាពេលនេះ មានគោលបំណងពិគ្រោះយោបល់ ពិនិត្យ និងវាយតម្លៃលទ្ធផលសកម្មភាពដែលបានអនុវត្តកន្លងមក ដើម្បីកំណត់ទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ គោលដៅសំខាន់ គឺរួមគ្នារៀបចំ និងអភិវឌ្ឍស្រុកទេស ភូមិឋាន និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា