កម្ពុជា និងអូស្ត្រាលី បង្កើតវេទិកាស្តីពីការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងអូស្ត្រាលី បង្កើតវេទិកាស្តីពីការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

កម្ពុជា និងអូស្ត្រាលី បង្កើតវេទិកាស្តីពីការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

កម្ពុជាមិនចាត់ទុកទំនោរផ្លូវភេទជាបទឧក្រិដ្ឋទេ ហើយក៏មិនមានវិធានការដាក់ទណ្ឌកម្មសម្រាប់ទំនាក់ទំនងភេទដូចគ្នាទេ ។ នេះជាបញ្ជាក់របស់លោកជំទាវ ឡុង សូនីតា អនុប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងវេទិកាមួយស្តីពី បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ដែលរៀបចំឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីជាការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធរវាងកម្ពុជា និងអូស្ត្រាលី។

Advertisement

វេទិកានេះមានគោលដៅបញ្ច្រាបការយល់ដឹងអំពីតម្រូវការ និងអាទិភាពសហគមន៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ការអនុវត្តល្អៗសម្រាប់ធានាសមភាព និងបរិយាបន្ន ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមនៃសមភាពជាក់ស្តែង។

លោកជំទាវ ឡុង សូនីតា បានលើកឡើងថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការជំរុញសមភាពអ្នកស្រឡាញ់ភេទដូចគ្នានាប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការលើកកម្ពស់ការយល់ដឹង ការដោះស្រាយការមាក់ងាយ និងធានាការការពារពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌគោលនយោបាយជាតិ ដូចជាផែនការសកម្មភាពជាតិលើកទី៤ ដើម្បីទប់ស្កាត់ការប្រើអំពើហិង្សាលើស្ត្រីជាដើម ។

ការការពារប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានបញ្ជាក់នៅក្នុងមាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងគ្របដណ្តប់ពីមាត្រា២៦៥ ដល់២៧០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលធានាសមភាពនៅចំពោះមុខច្បាប់សម្រាប់ពលរដ្ឋទាំងអស់។

អនុប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា នៅក្នុងយន្តការពិនិត្យឡើងវិញជាសកលជុំទី៤ សម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៤ អនុសាសន៍ចំនួន១២ ទាក់ទងនឹងសិទ្ធិស្មើគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានលើកឡើង រួមទាំងអនុសាសន៍របស់អូស្ត្រាលី ឱ្យបន្តវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការដើរឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់ នូវការរៀបការរវាងភេទដូចគ្នា ផងដែរ។ អនុសាសន៍ទាំង១២ រួមទាំងរបស់អូស្ត្រាលី ត្រូវបានទទួលយកដោយរាជរដ្ឋាភិបាលកម្ពុជា ។

គួរបញ្ជាក់ថា វេទិកានេះ មានការចូលរួមពីលោក Benjamin Moreau មន្ត្រីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា