បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត

បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាពកម្ពុជា បានបញ្ជាក់ថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីប្រទេសថៃផង និងរងសម្ពាធពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាផងនោះ ស្មារតីស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាខែលការពារសេដ្ឋកិច្ចជាតិដ៏មានឥទ្ធិពលបំផុត។ ការផ្អើលឈូឆរទិញទំនិញនិងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត មិនមែនជាដំណោះស្រាយការពារគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្កើតឱកាសឱ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមអំពើចិត្ត ដែលបង្កឱ្យមានអតិផរណា និងធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃហួសកម្រិត។ សកម្មភាពនេះនឹងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋដែលមានចំណូលទាបនិងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់ កាន់តែធ្លាក់ក្នុងវិបត្តិ។

Advertisement

បណ្ឌិត គិន ភា បានបន្តថា ពាក់ព័ន្ធនឹងសន្តិសុខថាមពល ការផ្អើលទិញប្រេងឥន្ធនៈស្តុកទុកក្នុងនៅតាមផ្ទះសម្បែង ឬទីតាំងមិនសមស្រប គឺជាហានិភ័យដ៏ធំធេងបំផុត។ ការរក្សាទុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស និងគ្មានសុវត្ថិភាព មិនត្រឹមតែនាំឱ្យខាតបង់ថវិកា និងបង្កឱ្យមានការខ្វះខាតប្រេងនៅតាមស្ថានីយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាគ្រោះអគ្គិភ័យដ៏សាហាវ ដែលបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតក្រុមគ្រួសារនិងអ្នកជិតខាងទៀតផង។ ក្នុងគ្រាមានអាសន្ន យើងមិនត្រូវបន្ថែមគ្រោះមហន្តរាយដោយសារការតក់ស្លុតរបស់ខ្លួនឯងមកលើគ្រោះសង្រ្គាមដែលកំពុងប្រឈមនោះឡើយ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការចេះគ្រប់គ្រងចំណាយក្នុងគ្រួសារឱ្យបានល្អ និងការមិនផ្អើលតាមការឃោសនាបំភ័យ គឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងថ្លៃទំនិញនៅលើទីផ្សារ និងទប់ស្កាត់អតិផរណា។ នៅពេលដែលតម្រូវការទីផ្សារមានសភាពធម្មតា រាជរដ្ឋាភិបាលនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយស្បៀងបម្រុងឱ្យបានគ្រប់គ្រាន់ដល់គ្រប់មជ្ឈដ្ឋាន។ ការរក្សាភាពនឹងនរមិនត្រឹមតែជួយសន្សំសំចៃថវិកាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពនិងធនធានទាំងនោះទៅផ្តោតលើការងារអាទិភាពក្នុងវិស័យការពារជាតិ និងការដោះស្រាយបញ្ហាចំពោះមុខនៅសមរភូមិជួរមុខឱ្យបានជោគជ័យ។

ជារួម ភាពស្ងប់ស្ងាត់និងការជឿជាក់លើការគ្រប់គ្រងសន្តិសុខថាមពល និងស្បៀងរបស់រដ្ឋ គឺជាអាវុធយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងគ្រាមានអាសន្នឬវិបត្តិ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំថា ការការពារជាតិមិនមែនមានតែនៅសមរភូមិជួរមុខដោយការកាន់អាវុធឡើយ ប៉ុន្តែការរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងសុវត្ថិភាពសហគមន៍នៅសមរភូមិក្រោយ ក៏ជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋម្នាក់ៗផងដែរ។ ការមិនផ្អើលឈូឆរទិញទំនិញស្តុកទុកនិងការរស់នៅដោយភាពសន្សំសំចៃក្នុងគ្រាវិបត្តិ គឺជាសកម្មភាពស្នេហាជាតិដ៏ពិតប្រាកដ ដែលជួយឱ្យកម្ពុជាមានភាពធន់មាំ និងអាចឆ្លងផុតរាល់ការសាកល្បងនៃសង្រ្គាមទាំងឡាយប្រកបដោយមោទនភាពនិងជ័យជម្នះជាស្ថាពរ៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា