មេសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា

មេសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា

ភ្នំពេញ៖ ក្នុងដំណើរបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការពិតប្រាប់ទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) រួមទាំងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការរំលោភបំពានរបស់ថៃមកលើបូរណភាព អធិបតេយ្យភាពកម្ពុជាដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

Advertisement

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួប ជាមួយ ភាគីសំខាន់ៗ រួមមាន៖ ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្សឺណែវ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូចជា បារាំង សាធារណរដ្ឋ នៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ អ៊ីតាលី ជាដើម។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស (Special Rapporteurs) តាមវិស័យនានាដូចជា សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិវប្បធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក ជាដើម។

នៅក្នុងជំនួបទាំងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្ត ប្រជាជននៅតាមព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (Fait Accompli) តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាននិងបន្ត កាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។

ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាល រៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗ ផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់ សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់។
កិច្ចជំនួបទាំងនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់ និងសម្រេចបានផ្លែផ្កា គួរជាទីមោទនៈ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា