ស្ថានីយប្រេងចំនួនជិត២ពាន់កន្លែងបិទអាជីវកម្មដោយសារគ្មានប្រេងលក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានីយប្រេងចំនួនជិត២ពាន់កន្លែងបិទអាជីវកម្មដោយសារគ្មានប្រេងលក់

ស្ថានីយប្រេងចំនួនជិត២ពាន់កន្លែងបិទអាជីវកម្មដោយសារគ្មានប្រេងលក់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមីនា មានស្ថានីយដេប៉ូលក់ប្រេងឥន្ធនៈ នៅទូទាំងប្រទេសចំនួនជិត២.០០០កន្លែង បានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយសារតែអស់ស្តុកប្រេង ក្រោយពីតម្លៃប្រេងកាន់តែហក់ឡើងខ្លាំង។

Advertisement

លោកជំទាវ ចម និម្មល ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នេះថា គិតត្រឹម យប់ថ្ងៃពុធមានស្ថានីយដេប៉ូ និងអនុស្ថានីយប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុង នោះ ស្ថានី យ៍ មួយ ចំនួន ត្រូវសង្ស័យថា ម្ចាស់ស្ថានីយរក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។
លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា «ក្រុមមន្ត្រីជំនាញចម្រុះអន្តរក្រសួងបាន និងកំពុងពិនិត្យចំពោះស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ»។
លោកជំទាវ ចម និម្មល បានលើកឡើងថា ក្នុងករណីរកឃើញប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងរងការពិន័យចំនួន៤លានរៀល បិទអាជ្ញាបណ្ណ និងអាជីវកម្មទាំងស្រុង។


ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅក្នុងសេចក្តីណែនាំនៅថ្ងៃទី០៩ ខែមីនា ថា ម្ចាស់ដេប៉ូ និងស្ថានីយប្រេង មុននឹងបិទអាជីវកម្មដោយសារអស់ស្តុកប្រេង ត្រូវតែផ្តល់ដំណឹងមកមន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប យ៉ាងតិចមុនមួយថ្ងៃ ហើយពេលបើកដំណើរការអាជីវកម្មឡើងវិញ ក៏ត្រូវផ្តល់ដំណឹងជាសាធារណៈវិញផងដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃស្តុកប្រេងថ្មីនៅប៉ុន្មានថ្ងៃខាងមុខ នឹងធ្លាក់ចុះមកវិញ អាស្រ័យតាមតម្លៃទីផ្សារប្រេងអន្តរជាតិ។


ក្រសួងពាណិជ្ជកម្មនឹងត្រូវប្រកាសតម្លៃថ្មីសម្រាប់ការលក់រាយ ប្រេងឥន្ធនៈ នៅថ្ងៃសុក្រទី១៣ ខែមីនា សម្រាប់រយៈ ពេលបីថ្ងៃ។
ខណៈពេលនេះ សាំងធម្មតា មានតម្លៃ៥២០០រៀល ហើយម៉ាស៊ូតមានតម្លៃ៦០៥០រៀលក្នុងមួយលីត្រ។  
ប្រេងឆៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានតម្លៃ១០០ដុល្លារក្នុងមួយប៉ារ៉ែល គឺកើន ឡើង បន្តិច បើ ធៀប នឹង តម្លៃម្សិលមិញ ក្រោម ៩០ដុល្លារ ក្នុងមួយបារ៉ែល៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា