អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

Advertisement

អ្នកវិភាគសង្គម និងនយោបាយកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងកម្តៅស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើដីកម្ពុជាយ៉ាងគឃ្លើន ទោះបីកម្ពុជាបានចេញមុខតវ៉ាជាបន្តបន្ទាប់។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ កាលពីថ្ងៃអង្គារ ដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពាន និងការរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ នៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ និងឧត្តរមានជ័យ។

បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃកំពុងធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ គ្រោងសំណង់បេតុង និងដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងទឹកដីរបស់កម្ពុជា ដែលសកម្មភាពទាំងនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំង២បានឯកភាពគ្នាកន្លងមក។

លោក សេង វ៉ាន់លី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា សកម្មភាពរបស់ទាហានថៃនៅតាមព្រំដែន គឺជាសញ្ញាគ្រោះថ្នាក់ ដែលងាយនឹងប៉ះទង្គិចគ្នាសារជាថ្មី ប្រសិនបើគ្មានការទប់ស្កាត់ចរចាទាន់ពេលវេលា។
អ្នកជំនាញដដែល លើកឡើងថា កងទ័ពថៃនៅតាមព្រំដែននាពេលនេះ គឺជាឧបករណ៍នយោបាយមួយដើម្បីបង្ហាញសាច់ដុំ ឬជាយុទ្ធសាស្រ្តសម្ពាធក្នុងល្បែងអំណាចរបស់អ្នកនយោបាយថៃ ដែលធ្វើឲ្យកម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត។

លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានវាយតម្លៃថា ហានិភ័យនៃការផ្ទុះអាវុធជាថ្មីរវាងកងទ័ពកម្ពុជា និងថៃ អាចកើតឡើង ប៉ុន្តែនៅក្នុងកម្រិតទាប ដោយសារការរៀបចំប្រព័ន្ធដឹកនាំនយោបាយថ្មីរបស់ថៃក្រោយការបោះឆ្នោត និងឥទ្ធិពលនៃវិបត្តិសកល ជាពិសេសសង្រ្គាមនៅអ៊ីរ៉ង់ ដែលកំពុងបង្កឱ្យមានកង្វះខាតប្រេងពាសពេញពិភពលោក ដែលតម្រូវឱ្យប្រទេសកម្ពុជា និងថៃ ផ្តោតលើស្ថិរភាពសេដ្ឋកិច្ចជាធំ។

ចំណែកអ្នកជំនាញភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ លើកឡើងថា មហិច្ឆតាចង់បានទឹកដីកម្ពុជារបស់ភាគីថៃនៅតែជាបញ្ហាចាក់ស្រេះ ខណៈកម្ពុជាកំពុងប្រើប្រាស់វប្បធម៌អត់ធ្មត់ដើម្បីរក្សាសន្តិភាព។ ទោះជាយ៉ាងណា លោកបញ្ជាក់ច្បាស់ៗថា ការអត់ធ្មត់មានកំណត់ ហើយកម្ពុជាមានសិទ្ធិពេញលេញតាមច្បាប់អន្តរជាតិ ក្នុងការចាត់វិធានការតបតគ្រប់រូបភាពដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ប្រសិនបើការរំលោភបំពាននៅតែបន្តកើតមាន។

ដោយឡែក ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងកាលពីថ្ងៃអាទិត្យដើមសប្តាហ៍នេះថា ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ព្រមទាំងសង្កត់សង្កិនប្រជាជនខ្មែរ ដែលមានអារ្យធម៌ជាច្រើនពាន់ឆ្នាំនៅលើទឹកដីនេះ គឺអាចចាត់ទុកថាជាការប៉ុនប៉ងលេបត្របាក់ទឹកដី។ បើតាម ឯកឧត្តម ហ្វ្រង់ស័រ តាន់ សកម្មភាពទាំងនេះបង្ហាញថា ថៃកំពុងប្រព្រឹត្តក្នុងលក្ខណៈជាប្រទេសអាណានិគមថ្មី ដែលមិនគោរពច្បាប់អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែក៏បានព្រមានផងដែរថា ព្រំដែនមិនត្រូវផ្លាស់ប្តូរ ឬរំកិលដោយកម្លាំងបាយឡើយ។ កម្ពុជានៅតែបន្តរក្សាការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានជាធរមាន៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា