អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីកិច្ចការងាររបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបូរណភាពទឹកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីកិច្ចការងាររបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបូរណភាពទឹកដី

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីកិច្ចការងាររបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបូរណភាពទឹកដី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតកាលពីថ្ងៃទី៣ខែមេសា ឆ្នាំ២០២៦ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

Advertisement

អ្នកនាំពាក្យបន្តថា តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ ៤៥ និង ៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (Fait Accompli on the ground) និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។

លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្នក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សកម្មភាពទាំងនេះ មិនអាចចាត់ទុកថា ជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយស្រឡះទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។

អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា