រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុវជនត្រូវបង្កើតភាពធន់សម្រាប់​ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុវជនត្រូវបង្កើតភាពធន់សម្រាប់​ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុវជនត្រូវបង្កើតភាពធន់សម្រាប់​ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម។» ការបញ្ជាក់របស់រដ្ឋាមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលត្រូវបាន ប្រកាសបើកនិងដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។

Advertisement

ក្រសួងព័ត៌មានបានបញ្ជាក់ថា យុទ្ធនាការនេះ ដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។ ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

ក្រសួងព័ត៌មានដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង- ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី- ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ យុទ្ធនាការនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជននិងប្រជាពលរដ្ឋទាំងអស់ ដើម្បី៖ ទី១) លុបបំបាត់ វប្បធម៌ចេះតែចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ដោយផ្អាកបន្តិចនិងពិចារណាលើព័ត៌មានដែល ទទួលបាន, ទី២) ញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យាAI ចេញពីលំហ ព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ឬសារ ព័ត៌មានអាជីព, ទី៣) ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់, ទី៤) ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដោយមិនចែករំលែកព័ត៌មានចចាម អារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ ឆបោក, និងទី៥) ជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ ឡុង ដេវីត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា