ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន

ភ្នំពេញ៖ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) និង​ជាប្រធានក្រុម​អ្នក​នាំពាក្យ គ.ជ.បបាន​ទទួល​ជួយ​ជាមួយ លោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍​បោះឆ្នោតអន្តរជាតិ​មកពីប្រទេស​ជប៉ុនដោយមានសហការីចំនួនប្រាំពីររូប ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ជំនួបបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.ប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅរសៀលថ្ងៃទី២០ខែកក្កដានេះបានឱ្យដឹងថា ជម្រាបជូនភ្ញៀវឯកឧត្តម ហង្ស ពុទ្ធា បាន​ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលបានអញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅ​កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នាពេលដ៏ខ្លីខាងមុខនេះ។ ចំណែក​លោក ណាអូតូ សាកាហ្គុជិ បានថ្លែងអំណរគុណ​ដល់ក្រុម​​អ្នកនាំពាក្យ គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុង​ខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។

លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមក​នាសម័យកាលអ៊ុនតាក់និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួនពីរ អាណត្តិ។ លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូ​សង្កេត​ការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេស ជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាម​អង្គការមិនមែន រដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះ លោកចង់ស្វែងយល់ និងមានសំណួរមួយចំនួន​ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ។

ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោត​ជ្រើសរើស​សភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់(UNTAC)។ នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់​មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួច មកហើយ។ លោកក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំងបួន នៃការបោះឆ្នោតដើម្បី​ឱ្យក្រុម​អ្នក​សង្កេតការណ៍អន្តរជាតិបានយល់ដែលរួមមាន៖

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) និង​ជាប្រធានក្រុម​អ្នក​នាំពាក្យ គ.ជ.បបាន​ទទួល​ជួយ​ជាមួយ លោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍​បោះឆ្នោតអន្តរជាតិ​មកពីប្រទេស​ជប៉ុន
  • ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
  • ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
  • ការឃោសនាបោះឆ្នោត និង
  • ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះឯកឧត្តម ហង្ស ពុទ្ធា បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ចនិងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះ​ឆ្នោត​​នៅកម្ពុជាផងដែរ។

ក្នុងឱកាសនេះដែរក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានលើកឡើងនូវសំណួរមួយចំនួនដូចជា៖

  • ចំនួនអ្នកសង្កេតការជាតិនិងអន្តរជាតិ
  • ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធចំនួនពីរគណបក្ស
  • សកម្មភាពឃោសនាបោះឆ្នោត ជាដើម។

ប្រភពដដែលបន្តថា ក្រុមអ្នកនាំពាក្យបានឆ្លើយតបម្តងមួយសំណួរៗ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ខែកក្កដា គ.ជ.ប បាន​ទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០​នាក់តែប៉ុណ្ណោះ។ ចំពោះហេតុផលដែលគណបក្សនយោបាយចំនួនពីរដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធដោយសារ​គណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។ រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើ​សកម្មភាព​តាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះមានរយៈពេល ២០ ថ្ងៃហើយ។

សេចក្តីប្រកាសព័ត៌មានចុងបញ្ចប់នៃកិច្ចពិភាក្សាឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយ​ដល់គ.ជ.ប នាពេលកន្លងមក។ លោកសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមានលោក ណាអូតូ សាកាហ្គុជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះ​ឈ្មោះបោះ​ឆ្នោតឡើងវិញ នៅឆ្នាំ២០២៦ ដោយហេតុថាសម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ៕ដោយ៖ពលជ័យ

លោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍​បោះឆ្នោតអន្តរជាតិ​មកពីប្រទេស​ជប៉ុន(រូបថតគ.ជ.ប)
ads banner