ការបោះឆ្នោតនៅកម្ពុជាមានការចូលរួមទាំងប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ទាំងជាតិ អន្តរជាតិយ៉ាងច្រើន
(ភ្នំពេញ)៖ ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០៣នេះ គឺជាការបោះឆ្នោតប្រកបដោយសុខសន្តិភាព ហើយនិងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន ព្រមទាំងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការនេះនឹងធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅគឺទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ដ៏ពេញលេញទៅអនាគត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា។
ថ្លែងក្នុងសន្និសីទ នៃ ភាពជាអ្នកដឹកនាំអន្តរជាតិ ស្តីពី សន្តភាព និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានបណ្តាប្រទេសជាង ៦០ប្រទេសចូលរួមនាសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នៅសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ថា កម្ពុជាទទួលបានការគាំទ្រពីអ៊ុនតាក់ដែលបានជួយរៀបចំការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ។ សម្រាប់ពេលនេះដែរកម្ពុជាអាចមានលទ្ធភាពរៀបចំការបោះឆ្នោតដោយខ្លួនឯងនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន ។
ជាមួយគ្នានេះដែរឯកឧត្តមបានប្រកាសស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាព្រោះថា ការមកនេះដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគឺទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ដល់ពេលលេញទៅអនាគត។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សន្តិភាព មិនមែនគ្រាន់តែជាគោលដៅដែលយើងចង់បានសម្រាប់ពិភពលោក ប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាព គឺជាមធ្យោបាយដែលយើងត្រូវប្រកាន់យកផងដែរ សមដូច ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថា “ខ្ញុំមិនជឿថា គេអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ មានតែការចរចា ការសន្ទនាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន-តែការចរចា ការសន្ទនាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន” ហើយ សម្តេចតេជោ បានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវទស្សនវិជ្ជានយោបាយ សន្តិភាព ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈការចចារសន្តិភាព និងនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេស ងនបានថ្លែងបញ្ជាក់បន្ថែមថា៖កម្ពុជាបច្ចុប្បន្ន បានក្លាយជាមជ្ឈមណ្ឌលនៃសន្តិភាពសម្រាប់តំបន់មេគង្គ និងអាស៊ាន ហើយដើម្បីចូលរួមចំណែកថែរក្សា ពង្រឹង និងពង្រីកសន្តិភាពក្នុងពិភពលោក កម្ពុជាបាន បញ្ជូនទាហានមួកខៀវ ដើម្បីគាំទ្រដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួនប្រាំបួន គឺប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ កម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេសដោយ ផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសទាំងអស់ នៅលើសកលលោក និងអង្គការអន្តរជាតិនានា៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត






