គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្រលទ្ធផលបោះឆ្នោតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងដោយសេរី និងគ្មានអំពើហិង្សា៕