សាធារណរដ្ឋស៊ីប អរគុណកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនកងកម្លាំងទៅរក្សាសន្តិសុខនៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ(អ.ស.ប)។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបបានថ្លែងបែបនេះ នៅអំឡុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ប្រភពអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសនេះលោកស្រី Martha A. Mavrommatis បានថ្លែងថា ៖«ស៊ីប ពិតជាអរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង»។

ជាមួយគ្នានេះលោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តីនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងដែរថា កម្ពុជាមានបទពិសោធន៍ និងជំនាញដ៏ច្រើនខាងផែ្នកបោសសម្អាតមីន ដោយក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ ហើយកម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីរាប់ម៉ឺនហិកតា។ ក្នុងនោះបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងផ្តល់ដីប្រកបដោយសុវត្ថិភាពសម្រាប់ការតាំងលំនៅឋាន កសិកម្ម និងការស្តារឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។

លោកបានបន្ថែមថា៖« ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាម រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយប្រមុខរាជរដ្ឋាផិបាលកម្ពុជា គឺបានសម្រេចបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណជាង ៨ ០០០នាក់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពដល់ប្រជាជនក្នុងប្រទេសចំនួន៩ នៅលើពិភពលោក ក្នុងនោះរួមមានសាធារណរដ្ឋស៊ីប ផងដែរ»៕

ដោយ៖ វណ្ណ សុជាតា

ads banner