មន្ត្រីរដ្ឋា​ភិបាល​ តំណាងមន្ទីរពេទ្យ និងពលរដ្ឋ អំពាវនាវដល់សប្បុរសជនបន្តបរិច្ចាគជូនមន្ទីពេទ្យគន្ធបុប្ផា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាល មន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា និងពលរដ្ឋខ្មែរ បាន​អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថ​វិកាទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបន្តទៀត ដើម្បីធានាដល់និរន្តរភាពរបស់មន្ទីរពេទ្យនេះ ក្នុងកា​របន្តព្យាបាលកុមារដោយឥតគិតថ្លៃ និងរួមចំណែកកាត់បន្ថយអត្រាមរណភាពកុមារ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសនៃ​ការ​ប្រារព្វខួប៤ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់នូវអគារគន្ធបុប្ផា«សី​ហ​មុនី មុនិនាថ» ដែលរៀបចំឡើងដោយ​មន្ទីរពេទ្យគន្ធបុប្ផា ​កាលពីថ្ងៃទី​១ ខែសីហា ដែល​អគារ​មួយនេះ ត្រូវបានដាក់ឱ្យដំណើរការជា​ផ្លូវ​ការកាល​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ​

ចាប់តាំងពីដាក់ឱ្យដំណើរការមកអគារនេះត្រូវបានប្រើប្រាស់ជាកន្លែងសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ដោយបានទទួលព្យាបាលកុមារបានសង្រ្គោះបន្ទាន់ ២ ៨២៦នាក់, វះកាត់ទូទៅ ៩ ០៥៩នាក់ និងវះកាត់បេះដូង ១ ៥៥៥នាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។

ក្នុងពិធីនោះប្រធានមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាលោក គី សង់ទី មានប្រសាសន៍ថា អស់រយៈពេលបួនឆ្នាំនៃការដាក់ឱ្យប្រើប្រាស់អគារថ្មីនេះដែលបំពាក់ទៅដោយឧបករណ៍ទើបៗគឺបានជួយសង្គ្រោះជីវិតកុមារកម្ពុជា​ជាច្រើននាក់ដែលមានជំងឺធ្ងន់ៗ។លោកបន្តថា អគារថ្មីនេះបានដើរតួសំខាន់កុមារដែលឈឺធ្ងន់បំផុតត្រូវតែយមកទីនេះព្រោះមានការតាមដានព្យាបាល ២៤ម៉ោង ដែលអាចជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ​។ បើយើងមិនមានផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់នេះទេ គឺយើងពិបាកធ្វើការសង្គ្រោះជំងឺកុមារដែលធ្ងន់ៗបំផុត»។

លោកបន្តថា ៖ «ពីមុនយើងមានសង្គ្រោះបន្ទាន់នៅផ្នែកខាងមុខ​ដែរ សម្រាប់សង្គ្រោះបន្ទាន់នៅជួរមុខ ប៉ុន្តែយើងមិនទាន់ឧបករណ៍ សម្ភារ និងបច្ចេកទេស ដល់កម្រិតអ្វីដែលយើងចង់បានទេ»។  

បើតាមលោក សង់ទី ពីមុនមកនៅពេលកុមារឈឺធ្ងន់ៗ ឪពុកម្តាយត្រូវជួយកុមារសប់ដង្ហើមជាមួយនឹងដៃ គឺមានការលំបាក ប៉ុន្តែបច្ចុប្បន្ននេះអគារថ្មីនេះមានលក្ខណៈទំនើបហើយការប្រារពខួបបួនឆ្នាំនេះ ដើម្បីជានិមិត្តរូប និងសក្ខីភាពថា ការអភិវឌ្ឍបច្ចេកវិទ្យាពេទ្យ ការព្យាបាលជំងឺកុមារនៅគន្ធបុប្ផា គឺបានដើរដល់កម្រិតមួយទៀតដែលអាចជួយសង្គ្រោះជីវិតកុមារធ្ងន់ៗបាន ។

លោកបញ្ជាក់ថា  អត្រាមរណភាពទៅលើជំងឺដែលធ្ងន់គឺអាចចន្លោះ ១៤ទៅ​១៥ភាគរយ ទោះបីយើងមានបច្ចេកវិទ្យាកម្រិតខ្ពស់នេះក៏ដោយ ប៉ុន្តែបើសិនជាងយើងមិនមានអគារនេះ កុមារទាំងនោះអស់ បើស​រុប៤ឆ្នាំនេះមានកុមារជាង ២០០០នាក់ដែលធ្ងន់បំផុត ក្មេងៗទាំងអស់នេះនឹងមិនអាចរស់ទេ។ អ៊ីចឹងយើងបានសង្គ្រោះគាត់ច្រើន។

​ឆ្លៀត​ក្នុង​ឱកាសនោះដែរឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធា​នលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងដែរ​ថា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាចំណែ​កមួយយ៉ាងសំខាន់ដែលនាំឱ្យមន្ទីរពេទ្យមានលទ្ធភាពសាងសង់ និងបំពាក់បរិក្ខាពេទ្យដ៏ទំនើបៗនៅក្នុងអគារថ្មី ធ្វើឱ្យការសង្គ្រោះជីវិតកុមារកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។

​ឯកឧត្តមថ្លែងថា ៖ «ខ្ញុំសង្ឃឹមថាមន្ទីរពេទ្យគន្ធបុប្ផានឹងដំណើរការរហូត ហើយសម្បុរសជននៅតែបន្តបរិច្ចាគជូនមន្ទីរពេទ្យ ហើយក៏សូមអរគុណ និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅតែគាំទ្រជួយដល់​មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ជួយកុមារកម្ពុជា»។​

​យោងតាមរបាយការណ៍សង្ខេបសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណ៥០ម៉ឺននាក់ ។ក្នុងនោះកុមារឈឺធ្ងន់ៗប្រមាណប្រាំបួនម៉ឺននាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕ដោយ៖សុខរក្សា



ads banner