សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋចេញបោះឆ្នោតដ៏ច្រើនលើសលុបក្នុងអាណត្តិទី៧ បង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាមថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ ប្រវែង ជិត ៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ច្រើន ដែលមានចំនួន ៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក ក្នុងនោះ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន៨២,៣០ភាគរយ ។
សម្តេច ថា ផែនការបំផុសបំផុលប្រជាពលរដ្ឋ ឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។
សម្តេចតេជោ បានបញ្ជាក់ថា បុគ្គលខ្លះកុំយកប្រទេសមួយ ពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
សូមរំលឹកថា យោងតាមលទ្ធផលបណ្តោះបឋម ដែលចេញដោយ គ.ជ.ប បានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣មានចំនួន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩% ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង ៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។
សូមជម្រាបថា ឯកឧត្តម Raimundo PEREIRA ប្រធានគណៈប្រតិភូសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានសង្កេតឃើញថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សង្កេតឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា មានភាពចាស់ទុំ ហើយឯកឧត្តម ចង់ឱ្យមានការពង្រឹងបន្ថែមទៀត ដោយមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋដែលនៅក្រៅប្រទេស។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ .ជ .ប ស្តីពីចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ហើយអ្នកដែលបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង ៩លាននាក់។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃថា ជាទូទៅការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយរលូន ៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ












