នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានថ្លែងសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
ឯកឧត្តម លី ស៊ានឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរដល់ឯកឧត្ដមដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមបន្តថា សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ បានចម្រើនធំធាត់ ចាប់តាំងពីជំនួបលើកចុងក្រោយ បំផុតរបស់ពួកយើង ក្នុងឆ្នាំ២០១៨ នៅពេលដែលឯកឧត្ដមបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី 64th Lee Kuan Yew Exchange Fellow។ យើងបានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំនួយបច្ចេកទេស ព្រមទាំងផ្ដោះប្ដូរដំណើរទស្សនកិច្ចយោធា និងយោធា នៅក្រោមការដឹកនាំរបស់ឯកឧត្ដម ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តម លី ស៊ានឡុង បានបន្ថែមថា ឯកឧត្តមនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗផងដែរ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងពាណិជ្ជកម្មឥណ្ឌទានកាបូន។ ប្រទេសរបស់ពួកយើង គួរតែបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើនទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម។
ឯកឧត្តម លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ឯកឧត្តមក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ៕
ដោយ៖ពលជ័យ


