«កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ»
ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ កាម៉េន មូរ៉េណូ (Carmen MORENO) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរនិងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺកូវីដ១៩។ ចំណែកលោកជំទាវឯកអគ្គរដ្ឋទូត MOREN០បានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុបនិងរដ្ឋជាសមាជិក រួមមានការផ្ដល់វ៉ាក់សាំង ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩ លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។ ភាពជាដៃគូនេះ រួមមានគំនិតផ្តួចផ្តើមជាច្រើនដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅធនធានមនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នៅកម្ពុជា។
ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នាលើកិច្ចការជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញចំពោះកម្ពុជា។ សមិទ្ធផលវិជ្ជមានទាំងនេះបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត។ សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១- ២០២៧»។
បន្ថែមលើនេះ ភាគីទាំងពីរទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។លោកជំទាវឯកអគ្គរដ្ឋទូត MORENO បានកោតសរសើរដល់ភាពប៉ិនប្រសប់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕ដោយ៖ពលជ័យ