សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានី ហ្សាការតា ពីថ្ងៃទី៤-៧ ខែកញ្ញា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូល​រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធាន​ប្តូរវេនអាស៊ានឆ្នាំនេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ។

អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានៈ ឯកឧត្ដម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍​តំបន់នេះ។

ក្រសួងការបរទេសបានបន្តថា ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុ-វិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាព​ស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយក ចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់​ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥ ។

ប្រភពដដែលបានបញ្ជាក់ថា របៀបវារៈសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ានិង សេចក្តីសម្រេច ផ្សេងៗ​ទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជាមួយឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងមាន ជំនួបទ្វេភាគី ជាមួយ សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួន ផងដែរ ៕ដោយ៖ពលជ័យ

ads banner