សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជំនួបសម្តែងការគួរសមឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសមឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការអាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថានេះ ជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅក្រៅប្រទេស ហើយជំនួបជាមួយ ឯកឧត្តម កៅ គឹមហួន ជាជំនួបលើកដំបូង នៅក្រៅប្រទេសរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បានសម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តមក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ហើយថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេចមហាបវរធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម។

ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការរបស់អាស៊ាន ក្នុងនោះមានបញ្ហាជាច្រើនមានដូចខាងក្រោម៖

ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយអាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោរនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃគឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុប របស់អាស៊ានអាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មកគឺការ អនុម័តលើឯកសារនៃសហគមន៍សង្គមវប្បមធម៌អាស៊ាន។

សម្ដេចធិបតី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន។ សម្ដេចធិបតី ក៏បានឯកភាពចំពោះអាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេសជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP)។ សម្ដេចធិបតីបានលើកអំពីបញ្ហាសន្ដិសុខដែលជាបញ្ហាចម្បងអាស៊ានដែលទាមទារឱ្យអាស៊ានខិតខំធ្វើការ សម្របសម្រួលសំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមានវិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចធិបតី មានប្រសាសន៍បន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល។ ដូច្នេះ អាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេសលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី បានលើកឡើងថា អាស៊ានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនភូមា។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគាំទ្រចក្ខុវិស័យអាស៊ាន២០៤៥ ហើយចាត់ទុកថាការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល។ សម្ដេចក៏ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ ជាទីបញ្ចប់ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ និងបានជូនពរជួបប្រទះជោគជ័យ ក្នុងការបំពេញបេសកកម្មនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner