អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្តចិន និង ឯកឧត្តម ស៊ាន បូរ៉ាន

ភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោម ក្នុងនោះ​រួមមាន អនុស្សរណៈយោគយល់គ្នា​​រវាងផ្ទះយុវជនដើម្បី​មិត្តភាពកម្ពុជា-ចិនជាមួយទស្សនាវដ្តី​ពិភពលោកសហសម័យចិនសម្រាប់ឆ្នាំ២០២៣-២០២៥, អនុស្សរណៈយោគយល់គ្នារវាង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងអនុស្សរណៈយោគ​យល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ច​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកអប់រំ ក៏ដូចជា​ការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ពិចុះហត្ថលេខានេះធ្វើឡើង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារចាយ៉ាស្មាត រាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយ​នីស្តចិន និង ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាព​គ្នា​ក្នុងនាមជាបងប្អូន និងអ្នកជិតខាង​ល្អ ដើម្បីបន្តថែរក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាងយុវជន​នៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃ​សន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិ​ការ និងការគាំទ្រគ្នា​ទៅវិញ​ទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និង​សាកលលោក។

កម្ពុជា-ចិន ត្រូវបានគេមើលឃើញថា កាន់តែមានអត្ថិភាពល្អប្រសើរឡើងជាលំដាប់ និងស្អិតរមួតបន្ថែមទៀត ស្របតាម​គន្លងដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនេះ​ភាគីទំាងពីរក៏បានប្តេជ្ញាក្នុងការ​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស បន្តជំរុញកិច្ចសហប្រតិបត្តិការក្រោម​ក្របខណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ​បន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner