តើអ្នកដឹងទេថា អណ្តាតរបស់សត្វពង្រូល វែង ជាងខ្លួនរបស់វា និងចាប់សត្វល្អិតបាន២សែនក្បាលក្នុងមួយថ្ងៃ

ភ្នំពេញ៖ តើអ្នកដឹងទេថា អណ្តាតរបស់សត្វពង្រូល វែងជាងខ្លួនរបស់វា ? ពួកវាប្រើអណ្តាតដើម្បីចាប់សត្វល្អិតរហូតដល់ ២០០,០០០ ក្បាលក្នុងមួយថ្ងៃ។

នាពេលថ្មីៗមកនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បី គាំទ្រក្រុមគ្រួសារប្រជាសហគមន៍ដែលរស់នៅជុំវិញស្ថានីយ៍ដោះលែង សត្វព្រៃ ដើម្បីប្រមូលសត្វកណ្តៀរទៅចិញ្ចឹមសត្វពង្រូលដែលកំពុងសង្គ្រោះ នៅក្នុងការថែទាំរបស់អ្នកភូមិ។

ដោយឡែកបើតាមការស្រាវជ្រាវបង្ហាញថា ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែង ប្រមាណ ២៥សង្ទីម៉ែត្រ របស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យអាចបន្តពូជបាន គឺក្នុងអំឡុងពេលអាយុ២ឆ្នាំ ហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់ អាយុ២០ឆ្នាំ។ ប្រទេសកម្ពុជា គឺជាជម្រករស់នៅរបស់សត្វពង្រូលមួយប្រភេទមាន ឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្រ្តថា Manis javanica។

សត្វពង្រូលត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក ។ គេមិនមានទិន្នន័យពិតប្រាកដថា នៅលើពិភពលោកមានសត្វពង្រូលប៉ុន្មានក្បាលនោះទេ តែចំនួនសត្វពង្រូល ត្រូវបានគេជឿថាមានការថយចុះច្រើន។

កម្ពុជាបានចាត់ទុកសត្វពង្រូលថាជាប្រភេទសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើងនៅទូទាំងប្រទេសឡើយ តែមានការកត់កម្គាល់ថាប្រភេទសត្វនេះក៏មានការថយចុះនៅក្នុងប្រទេសកម្ពុជាដែរដោយសារតែការបរបាញ់ ដាក់អន្ទាក់ និងធ្វើអាជីវកម្ម។

យោងតាមការសិក្សាផ្នែកជីវសាស្ត្រដែលចុះផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា៖ សត្វពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ហើយជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner